យុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន
ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។
ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអភិវឌ្ឍខុនដូ។ ទីផ្សារនេះ កំពុងជួបប្រទះស្ថានភាពមួយ ដែលគេហៅថា “ទីផ្សារ ដែលអ្នកទិញមានទឹកមាត់ប្រៃ” ដូច្នេះ ធ្វើឱ្យការអភិវឌ្ឍនៅទីតាំងធំៗមួយចំនួនមានតំលៃសមរម្យជាង។ នេះគឺជាគន្លឹះយុទ្ធសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍អាចអនុវត្ត ដើម្បីពង្រីកមូលដ្ឋានអ្នកទិញរបស់ពួកគេ។ គេក៏អាចបន្ទាបតម្លៃ និងបើកដំណើរការការអភិវឌ្ឍដែលមានស្រាប់របស់ខ្លួន ជាមួយនឹងតម្លៃចរចា ទាបជាងផែនការដែលបានគ្រោងទុក។
ក្នុងស្ថានភាពទីផ្សារកំពុងថយចុះបែបនេះ ការកាត់បន្ថយតម្លៃ និងការពឹងផ្អែកលើការលក់តែម្យ៉ាង អាចមិនគ្រប់គ្រាន់ដើម្បីបង្កើតប្រាក់ចំណូលថេរបានទេ។ ក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍ អាចជួល បន្ទប់ខុនដូណាដែលមិនទាន់លក់សិនក៏បាន។ នេះនឹងជំរុញឱ្យគេងាកមកបន្តគម្រោងរបស់ខ្លួនបាន ហើយទីបំផុតនឹងបង្កើនប្រាក់ចំណេញពីគម្រោងដែលខ្លួនបានចំណាយទុនអភិវឌ្ឍហើយ។ ម៉្យាងវិញទៀត រាល់ចំណាយ ដែលមិនចាំបាច់អាចកាត់បន្ថយបាន ដើម្បីបង្កើនកម្រិតផលចំណេញទាំងមូល។
នៅពេលអនាគត ការអភិវឌ្ឍដែលទទួលបានជោគជ័យគឺជាតំបន់ដែលមានទីតាំងនៅជិតផ្សារទំនើប និងសាលារៀន។ ហើយការអភិវឌ្ឍទាំងនេះ នឹងអាចទទួលបានការលក់ខ្ពស់ជាងមុន ពីព្រោះអ្នកទិញក្នុងការអភិវឌ្ឍទាំងនេះ ភាគច្រើនជាអ្នកប្រើប្រាស់ចុងក្រោយ ឬជាវិនិយោគិន ដែលគេហៅថា ទិញយកទៅជួលបន្ត។ ពួកគេ យល់ច្បាស់ពីតម្រូវការជួល ពីជនបរទេស និងក្រុមគ្រួសាររបស់ពួកគេនៅតំបន់នោះ។ អ្នកអភិវឌ្ឍន៍ ក៏អាចបង្វែរការយកចិត្តទុកដាក់ដល់តំបន់លំនៅឋាន ដែលទើបនឹងសាងសង់ថ្មីៗផងដែរ។
ឧទាហរណ៍នៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ កំពុងមានការលក់រាយជាច្រើនទៀតដើម្បីបម្រើដល់ការអភិវឌ្ឍលំនៅឋាននាពេលខាងមុខនេះ។ ការអភិវឌ្ឍលំនៅដ្ឋានដែលបានចាប់ផ្តើមនៅក្នុងតំបន់ ក្បែរៗផ្សារអ៊ីអនសែនសុខ ( Aeon Sen Sok City), ផ្សារគ្លូបបល់ហៅស៍ (Global House ) ឬផ្សារទំនើបជីបម៉ុងសែនសុខ ត្រូវបានលក់ចេញយ៉ាងងាយស្រួលឬអាចទទួលបាននូវការលក់ខ្ពស់ ទោះបីជាទីផ្សារមានដំណើរការយឺតកាលពីឆ្នាំមុនក៏ដោយ។
បើនិយាយពីការអភិវឌ្ឍប្រកបដោយជោគជ័យ មានពស្តុតាងជាច្រើនបង្ហាញថា តម្លៃសមរម្យនៅក្នុងទីតាំងដ៏ទាក់ទាញ បូកជាមួយនឹងលក្ខណៈច្បាស់លាស់នៃគម្រោង គឺជាកត្តាដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅលក់បានច្រើន។ អ្នកអភិវឌ្ឍដែលមានលទ្ធភាពលក់នៅក្នុងទីផ្សារដែលកំពុងប្រឈមស្ថានភាពយឺតបែបនេះ ភាគច្រើនចេះចាប់ឱកាសពីការផ្លាស់ប្តូរ ហើយទំនងជាអ្នកដែលឆាប់សម្របខ្លួនទៅនឹងទីផ្សារដ៏ប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ បានលឿនថែមទៀតផង។
លើសពីនេះទៀត អ្នកអភិវឌ្ឍន៍ត្រូវតែគិតឱ្យបានស៊ីជម្រៅជាមួយនឹងការរចនាផលិតផលរបស់ពួកគេ ហើយផ្តោតលើទីតាំងដែលមិនទាន់បានគ្រោងទុក បូករួមជាមួយនឹងឱកាសសម្រាប់វិវឌ្ឍន៍ខ្លួន និងចេះកែតម្រូវទីផ្សារដោយចេះបត់បែនរវាងយុទ្ធសាស្រ្តលក់ និងការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ធ្វើយ៉ាងណាឱ្យឆ្លើយតបបានតាមតម្រូវការទីផ្សារ៕
ដោយៈ Eric Wong Chon Lap
- Video Advertisement -