រដ្ឋគ្រោងបើការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ នៅក្រចេះឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ ក្នុងខេត្តក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់នេះហើយ។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមការដឹកនាំពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសាងសង់។

ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា រដ្ឋរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងរួមគ្នាដោះស្រាយការងារបន្ទាន់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។

គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]