រដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។

ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ។

ឯកឧត្តម បញ្ជាក់ថា ជំនួយហិរញ្ញប្បទាននេះ សម្រាប់ជួយដល់វិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅក្នុងតំបន់សំខាន់ៗយកទៅប្រើប្រាស់ ដើម្បីបើកដំណើរការ កែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ។

«យើងជួយគាត់នេះ មិនមែនយើងជូនទៅគាត់ឱ្យធ្វើសណ្ឋាគារថ្មីទេ ប៉ុន្តែនៅពេលដែលគាត់ឈប់ មិនមានប្រតិបត្តិការក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមកនេះ គឺគាត់ប្រហែលជាមានការខ្វះខាតសាច់ប្រាក់ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដូច្នេះគឺយើងជួយដើម្បីធ្វើការកែលម្អប៉ុណ្ណោះ» ឯកឧត្តម បានបន្ដ។

នៅក្រោមគម្រោងនេះ ទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។

- Video Advertisement -