រដ្ឋបន្ថែមមុខងារថ្មីចំនួន៥ទៀត ក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
រាជរដ្ឋាភិបាល សម្រេចដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន ៥លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការងារចុះបញ្ជីក្រុមហ៊ុនតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
មុខងារថ្មីទាំង ៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ លើប្រព័ន្ធបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមាន៖ ១.កែប្រែព័ត៌មានលម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី ២.កែប្រែលក្ខន្តិកៈក្រុមហ៊ុន ៣.កែប្រែសកម្មភាពអាជីវកម្ម ៤.តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង៥. កែប្រែព័ត៌មានគណនីធនាគារ។
ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យមានវត្តមានទៅដល់ទីកន្លែងផ្ទាល់ទៀតទេ។
លើសពីនេះ ក្រុមការងារអន្តរក្រសួង នឹងរៀបចំដាក់ដំណើរការជាបន្តបន្ទាប់ នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសថ្មីៗបន្ថែមទៀត នៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
គួររម្លឹកដែរថា ការប្រែក្លាយការងារចុះបញ្ជីក្រុមហ៊ុនទៅតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺផ្អែកលើគោលការណ៍ចំនួន ៣ រួម មាន ៖ (១) ការកាត់បន្ថយចំណាយ (២) ការកាត់បន្ថយថិរវេលា និង (៣) ការកាត់បន្ថយនីតិវិធីស្មុគស្មាញ។
ក្នុងនោះ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានពង្រីកវិសាលភាពរហូតដល់ដំណាក់កាល ទី ៣ ហើយ ដែលដំណាក់កាលទី ១ ជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ និងដំណាក់កាលទី ២ និងទី ៣ ជាការ ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រជំនាញ និងឯកសារពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ។
ចំពោះដំណាក់កាលទី១ គឺត្រូវបានដាក់ឱ្យដំណើរការកាលពីកាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ ដែលសំដៅបង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ ។
បើគិតត្រឹមខែវិច្ឆិកា ២០២៣ មានក្រុមហ៊ុន/ សហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ៣១.៣៦៥ ក្រុមហ៊ុន/សហគ្រាស គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៩,០៧ ពាន់លានដុល្លារ។ (អានបន្ថែម)
- Video Advertisement -