រដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ

រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានា ជាច្រើនផ្សេងទៀត។

ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្នាំ២០២១ ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍត្រឹមតែ ១៨ គម្រោង ប៉ុណ្ណោះ។

- Video Advertisement -