រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។
ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។
ផ្លូវមួយខ្សែនេះ មានប្រវែង ៦ ៤៩០ ម៉ែត្រ ទទឹង១២ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ផ្លូវនេះ នឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរណ៍តភ្ជាប់ពីតំបន់លំនៅឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងវិថីបម្រើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។

