រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្ងៃទី២៥ ខែមេសា។
នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព គឺត្រូវមាន ៤ចំណុច ខាងក្រោមនេះ៖
១. ត្រូវជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។
២. រៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។
៣. ពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
៤. លេខាធិការដ្ឋានត្រូវរៀបចំបណ្តុះបណ្តាលអំពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដល់គ្រប់ភាគីពាក់ព័ន្ធជាដើម។
គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយរំពឹងថានឹងអាចអភិវឌ្ឍន៍ខេត្តសៀមរាបទៅជាទីតាំងទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា និងអាចទាក់ទាញភ្ញៀវទេសចរណ៍បានរាប់លាននាក់ចាប់ពីឆ្នាំ២០២៣ទៅ។ ក្នុងការអភិវឌ្ឍផែនការមេបានល្អ រដ្ឋាភិបាលរំពឹងថាវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងផ្ដល់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណជិត ៦ពាន់លានដុល្លារ និងផ្ដល់ការងារក្នុងវិស័យទេសចរណ៍បានប្រមាណ៩៤ម៉ឺននាក់ផងដែរ៕
- Video Advertisement -