រដ្ឋាភិបាលកំណត់យកខេត្តបាត់ដំបងជាតំបន់ស្នូលសេដ្ឋកិច្ចភាគពាយ័ព្យនៃប្រទេស
រដ្ឋាភិបាលបានប្រកាសកំណត់យកខេត្តបាត់ដំបងជា តំបន់ស្នូលសេដ្ឋកិច្ចភាគពាយ័ព្យនៃប្រទេស តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចក្ខុវិស័យ និងផែនការអនុវត្ត ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង់ សម្រេចតាមទិសដៅគ្រោងទុកត្រឹមឆ្នាំ២០៣០។
នៅក្នុងអនុក្រឹត្យស្តីពី ការដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង់ រដ្ឋាភិបាលមានគោលដៅកំណត់ តំបន់នគរូបនីយកម្ម កម្រិតមធ្យម និងកម្រិតទាបសម្រាប់ការរស់នៅ ឱកាសការងារ ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ទេសចរណ៍។
អនុក្រឹត្យដដែល ត្រូវបានប្រមុខរដ្ឋាភិបាលចុះហត្ថលេខា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែឧសភានេះ បញ្ជាក់បន្ថែមថា គោលដៅនៃផែនការរៀបចំដែនដីខេត្តបាត់ដំបង ក៏ផ្តោតលើការកំណត់តំបន់កសិកម្ម និងបរិមាណមានគុណភាពខ្ពស់ តំបន់ឧស្សាហកម្មកែច្នៃកសិផល និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ និងធនធានធម្មជាតិ ឲ្យមានចីរភាព។
ដើម្បីរៀបចំ និងអភិវឌ្ឍខេត្តបាត់ដំបងជាតំបន់ស្នូលសេដ្ឋកិច្ចភាគពាយ័ព្យនៃប្រទេសកម្ពុជា រដ្ឋាភិបាលជំរុញរៀបចំការអភិវឌ្ឍន៍នេះ ជា៥ចំណុចស្នូលធំៗ គឺតំបន់ស្នូលនគរូបនីយកម្ម អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ធនធានមនុស្ស តំបន់ផលិតផលកសិកម្មប្រកបដោយគុណភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម តំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត និងតំបន់សមាហរណកម្មចម្រុះរវាងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងធនធានធម្មជាតិ។
អនុក្រឹត្យគូសបញ្ជាក់ថា៖ «ផែនការនេះ គឺជាឧបករណ៍គតិយុត្ដដ៏សំខាន់សម្រាប់តម្រង់ទិសផែនការអភិវឌ្ឍន៍នៅគ្រប់កម្រិតនៃតំបន់នីមួយៗក្នុងខេត្ត និងសម្របសម្រួលជាមួយនឹងផែនការដទៃទៀត សំដៅធានាការគ្រប់គ្រង ការពារ បែងចែក និងប្រើប្រាស់ដី បរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព»។
«ដូចនេះ ការដាក់អនុវត្តនូវផែនការរៀបចំដែនដីខេត្តបាត់ដំបង គឺជាការចាំបាច់បំផុតសម្រាប់តម្រង់ទិសការអភិវឌ្ឍន៍និងអភិរក្សលើផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាននៃដែនដីខេត្តទាំងមូលឲ្យក្លាយជា តំបន់ស្នូលសេដ្ឋកិច្ចភាគពាយ័ព្យនៃប្រទេសកម្ពុជា»។
ខេត្តបាត់ដំបង់មានផ្ទៃដី ១១ ៧៤៤ គីឡូម៉ែត្រក្រឡា និងគិតត្រឹមឆ្នាំ២០១៨ មានចំនួនប្រជាជន ១ ២៨៣ ២២៣ នាក់ និងនៅឆ្នាំ២០៣០ នឹងកើនដល់ ១ ៥១៩ ១៨៥ នាក់៕

- Video Advertisement -