រដ្ឋាភិបាលកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ​ទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។

ថ្លែង​ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ សមេ្តចតេជោ ហ៊ុន សែន បញ្ជាក់ពីចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។

តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការផងដែរ។

ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។

ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះទៀតសោត គឺស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាននិងកំពុងសាងសង់ឡើងយ៉ាងសកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទាំងនេះ។

ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាងសង់ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ រួចមក។ (អានបន្ថែម)

បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​សម្រេចគោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ )របស់រដ្ឋាភិបាល ក្នុងការធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង ត្រៀម​ខ្លួន​ដើម្បី​អនុវត្ត​ចក្ខុវិស័យ​ឧស្សាហកម្ម ៤.០។

រដ្ឋាភិបាលកម្ពុជា​ កំពុង​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ និង ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ចម្បង​តែ​លើ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង ស្បែក​ជើង​ដែល​បច្ចុប្បន្ន​ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ ៧០០។ (អានបន្ថែម)

មួយវិញទៀត ខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលនឹងធានាដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ធានាឱ្យមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ (អានបន្ថែម)

 

 

- Video Advertisement -