រដ្ឋាភិបាលបញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃ១ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។
សម្តេចបានចេញសេចក្តីសម្រេចដូច្នេះ ក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ជុំវិញការបញ្ជាឱ្យបិទកាស៊ីណូបណ្តោះអាសន្ននេះ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាយើងទុកពេលរហូតដល់ថ្ងៃទី ១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្តង?
បញ្ហាមិនស្ថិតអ្នកលេងល្បែងទេ គឺស្ថិតនៅត្រង់បញ្ហាថៅកែត្រូវតែដោះស្រាយជាមួយកម្មករ របស់ពួកគេយ៉ាងណា។ ព្រោះបើសិនជាបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវទៅលើបញ្ហាបុគ្គលិកដែលត្រូវព្យួរការងារ ក្នុងកាលៈទេសៈនូវការបិទនេះ?»
សម្តេចបានបន្ថែមថា ៖ «យើងប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ យ៉ាងហោចណាស់ឱ្យរួចភារកិច្ចបង់ចំណូល(ពន្ធ)ក្នុងរយៈពេលបិទ ព្រោះនៅពេលបិទអាជីវកម្ម គឺគ្មានចំណូលនោះទេ។ សម្រាប់នៅទីក្រុងភ្នំពេញ យើងមានតែកាស៊ីណូណាហ្គាវើលតែប៉ុណ្ណោះ ហើយនៅតាមព្រំដែនក៏មាន និងនៅក្រុងព្រះសីហនុក៏មាន គឺយើងបិទទាំងអស់ជាបណ្តោះអាសន្ន។»
ដំណាលគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់កាស៊ីណូក្នុងប្រទេសកម្ពុជាទាំងអស់ថា ក្រសួងនឹងធ្វើការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំខែដល់កាស៊ីណូចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអនុញ្ញាតបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។
គួរបញ្ជាក់ផងដែរថា អាជីវកម្មកាស៊ីណូទូទាំងប្រទេសកម្ពុជាមានចំនួន ១៦៥ កន្លែងដែលផ្តល់ការងារដល់កម្មករខ្មែរ ២៥.០០០ នាក់។ នេះបើយោងតាម កិច្ចសម្ភាសន៍របស់ សារព័ត៌មាន Southeast Asia Globe ជាមួយលោក Jiang Kexing ប្រធានសាខាក្នុងស្រុកនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ៕ (អានបន្ថែម)


