របៀបបង្កើតឱកាសរកលុយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងមានភាពប្រកួតប្រជែង
អចលនទ្រព្យកម្ពុជា ប្រភព Property Guru Report
រយៈពេលមួយទសវត្សរ៍កន្លងមកនេះវិស័យសំណង់និងអចលនទ្រព្យនៃប្រទេសកម្ពុជាមានការរីកចម្រើននិងមានសន្ទុះយ៉ាងខ្លាំងដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនយ៉ាងឆាប់រហ័ស។
បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ គិតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់ដល់ទៅ ២០០០ ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយនឹងក្រសួងហើយចំនួននេះបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនក្រុមហ៊ុននេះ បានធ្វើឱ្យសង្គមបានត្អូញត្អែរថាទីផ្សារសំណង់និងអចលនទ្រព្យនៅប្រទេសកម្ពុជាចង្អៀតទៅៗ ពិបាកក្នុងការរកឱកាសបើកអាជីវកម្ម និងមានការប្រកួតប្រជែងខ្ពស់។
ផ្ទុយទៅវិញលោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានជំទាស់លើការលើកឡើងមួយនេះ ដោយជម្រុញឱ្យមនុស្សទូទៅសិក្សាទីផ្សារឡើងវិញក្នុងផ្លូវវិជ្ជមាន។
“កម្ពុជាជាប្រទេសទីផ្សារសេរីដូច្នេះគ្រប់គ្នាអាចមកវិនិយោគនិងមានសិទ្ធិប្រកួតប្រជែងបាន។ ជាការពិតណាស់ រឹតតែមានការប្រកួតប្រជែងកាន់តែខ្លាំងទីផ្សារកាន់រឹតតែរីកចម្រើន មិនមែនរឹតតែតឹងតែងនោះទេ” លោក សន សៀប បានមានប្រសាសន៍។
“ទីផ្សារអចលនទ្រព្យកម្ពុជាមិនចង្អៀតដូចមនុស្សភាគច្រើនយល់ឃើញនោះទេ ផ្ទុយទៅវិញយើងគ្រាន់តែមិនដឹងពីរបៀប ឬខ្វះចំណេះដឹងនៃការស្វែងរកឱកាសតែប៉ុណ្ណោះ។ មានឱកាសជាច្រើនក្នុងការរកលុយនៅក្នុងទីផ្សារបច្ចុប្បន្នប្រសិនបើអ្នកសង្កេតនិងសិក្សាទីផ្សារបានអោយបានលំអិត” លោកបានបន្ត។
ទាក់ទងនឹងរបៀបស្វែងរកឱកាសនេះលោក សន សៀប បានជម្រុញអោយអ្នកដែលកំពុងស្វែងរកឱកាសប្រឹងប្រែងបង្កើនចំណេះដឹងរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ។
លោក សន សៀប ក៏បានអោយជាដំបូន្មានថា ៖ “ដើម្បីស្វែងរកឱកាស ជាដំបូងអ្នកត្រូវតែមានចំណេះដឹងនៅក្នុងវិស័យនេះសិន យើងត្រូវរៀនបន្ថែមជាបន្តបន្ទាប់ពោល គឺរៀនកុំឈប់អោយសោះ ព្រោះទីផ្សារក៏រីកឡើងរហូត មិនឈប់ឈរដែរ។ ចំណុចបន្ទាប់ ត្រូវចូលប្រឡូកក្នុងវិស័យអចលនទ្រព្យអោយកាន់តែជ្រៅ និងរៀនសូត្រពីអ្នកចេះជាងយើងអោយបានច្រើនដើម្បីពង្រីកគំនិតមួយនេះ។ ចុងក្រោយ ត្រូវកំណត់គោលដៅឱ្យច្បាស់លាស់ មិនរាថយ និងចាប់ផ្តើមស្វែងរកនិងបង្កើតឱកាសអាជីវកម្មដែលអ្នកចង់បាន”។
“ប្រទេសកម្ពុជាត្រូវការធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យជាច្រើនទៀត ប្រសិនបើយើងមានធនធានមនុស្សកាន់តែច្រើនទីផ្សារនឹងកាន់រីកចម្រើនដោយសារពួកគេដឹងពីរបៀបស្វែងរកនិងបង្កើតឱកាស ដូចជាដឹងពីរបៀបនៃការទាក់ទាញអ្នកវិនិយោគអោយចូលមកកម្ពុជាកាន់តែច្រើន” លោកបានបន្ត។

លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd.

Photo credit: realestate.com.kh
- Video Advertisement -