រយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដោយសង្កត់ធ្ងន់លើការស្តារដីឡើងវិញដោយសុវត្ថិភាពសម្រាប់កសិកម្ម និងសុខុមាលភាពសាធារណៈ
នៅក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅលើផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាត និងយកផ្ទៃដីសម្រាប់ប្រើប្រាស់និងបង្កបង្កើនផល។
នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងសាលិខិតនោះ បានបង្ហាញថា៖ «រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម»។
នៅក្នុងសារលិខិតដដែល សម្តេចធិបតី ក៏បានបញ្ជាក់ថា មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពមីនសកល ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សូមជម្រាបដែរថា កម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាពផងដែរ៕

- Video Advertisement -