រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ។
បើយោងតាមលិខិតរបស់ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី»។
ចំពោះ ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ដូរផ្សេងៗវិញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមិនមានផែនការបិទនោះទេ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅប្រព្រឹត្តទៅជាធម្មតា ដោយរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន រៀបចំពិធីនេះ ដោយការបង្កើតបរិយាកាសសប្បាយរីករាយតាមផ្ទះវិញ ជាជាងការជួបជុំគ្នា នៅខាងក្រៅច្រើន។
សម្តេចបានប្រកាសបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តចិន ប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២ នាក់ នៅវិមានសន្តិភាព កាលព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបម្រាមជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈដែលកម្ពុជារកឃើញអ្នកមានផ្ទុកមេរោគនេះជាបន្តបន្ទាប់។ ក្នុងនោះរាជរដ្ឋាភិបាលបាន អនុវត្តវិស្សមកាលមុនកាលកំណត់ ការប្រកាសបិទ KTV និងរោងភាពយន្តបណ្តោះអាសន្ន ព្រមទាំងការហាមប្រាម មិនឲ្យជួបជុំគ្នាទ្រង់ទ្រាយធំ គ្រប់បែបយ៉ាង រាប់ទាំងពិធីសាសនា និងការប្រគំតន្ត្រី ជាដើម។
ចំពោះវិធានការត្រៀមបម្រុង រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចនូវបន្ទប់សណ្ឋាគារ សាលារៀន និងមន្ទីរពេទ្យមួយចំនួន ដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ជាង ៣ ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ៕ (អានបន្ថែម)
រូបភាដោយ៖ Tripadvisor


