លីកាដូ​៖ កំណើនបំណុលមីក្រូហិរញ្ញវត្ថុជាហានិភ័យនៃការបាត់បង់ដីធ្លី

ការកើនឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលភាគច្រើនប្រើប្លង់ដីជាទ្រព្យបញ្ចាំ អាចបង្ករឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កូនបំណុលរាប់លាននាក់កម្ពុជា ដែលក្នុងនោះការបាត់បង់ដីធ្លីតាមរយៈការរឹបអូសក៏ដូចជាការរំលោភសិទ្ធិមនុស្សគឺជាបញ្ហាចំបង នេះបើតាមរបាយការណ៍ការស្រាវជ្រាវរួមគ្នារបស់សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងសមាគមធាងត្នោត។

ចេញផ្សាយកាលពីនៅថ្ងៃទី ៧ ខែសីហា របាយការណ៍នេះបានបង្ហាញថា គិតត្រឹមដើមឆ្នាំ ២០១៩ មានប្រជាជនកម្ពុជាជាង ២ លាននាក់ជាប់បំណុលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងទឹកប្រាក់យ៉ាងហោចជាង ៨ ពាន់លានដុល្លារ។ ចំនួននេះគឺស្មើនឹងប្រមាណ ១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ព្រះរាជាណាចក្រកម្ពុជា។ បើគិតជាមធ្យម បុគ្គលម្នាក់ៗ មានបំណុលប្រមាណ ៣៣៧០ ដុល្លារ ដែលនេះជាតួរលេខបំណុលខ្ពស់បំផុតនៅលើពិភពលោក។

លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានឲ្យដឹងថា កូនបំណុលជាង ៥០ ភាគរយ (នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ) ប្រើប្លង់ដីជាទ្រព្យបញ្ចាំ។ សរុបមកដល់បច្ចុប្បន្នគឺមានប្រមាណជាង១លានប្លង់ដី ដែលត្រូវបានដាក់ជាទ្រព្យបញ្ចាំ។

គួរបញ្ជាក់ផងដែរថា ស្ថាប័នមីក្រូហិរញ្ញវត្ថុបានឈានជើងចូលមកប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ ១៩៩០ ក្នុងគោលបំណងជួយផ្តល់ភាពងាយស្រួលក្នុងការទទួលបានឥណទានសម្រាប់ប្រជាពលរដ្ឋក្រីក្រជាពិសេសកសិករ ដូចជាការយកទៅទិញសម្ភារកសិកម្មឬពង្រីកអាជីវកម្មជាដើម។ ក្រោយមក បន្ទាប់ពីរដ្ឋាភិបាលបានចេញនិងអនុវត្តគោលនយោបាយមីក្រូហិរញ្ញវត្ថុបន្ថែមទៀតក្នុងឆ្នាំ ២០០៧ តុល្យភាណកម្ចីមីក្រូហិរញ្ញវត្ថុបានកើនឡើងជាង ៤ ដង គឺចាប់ពីប្រមាណ ៣០០ លានដុល្លារក្នុងឆ្នាំ ២០០៩ កើនឡើងដល់ ១,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣ និងរហូតដល់ទៅជាង៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ដដែលខាងលើ។

ដោយឡែក ផ្ទុយពីគោលបំណងដំបូងនៃការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុ ការស្រាវជ្រាវថ្មីនេះបានរកឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺបាននិងកំពុងរំលោភបំពានកូនបំណុល។ របាយការណ៍នេះ បានលើកឡើងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីយ៉ាងធូររលុងដល់អតិថិជនដែលពួកគេដឹងមានលទ្ធភាពទាប ឬពុំមានក្នុងការសង ហើយពួកគេដាក់សម្ពាធលើកូនបំណុលតាមរយៈការបង្ខំឲ្យលក់ដី ឬវិធានការគ្មានសីលធម៌ផ្សេងៗទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគិតអត្រាការប្រាក់ខ្ពស់ ទាមទារឲ្យដាក់ប្លង់ដីជាទ្រព្យបញ្ចាំ ហើយកំណត់គោលដៅអតិថិជនក្រីក្រដែលងាយរងគ្រោះដោយសារការបាត់បង់ដីធ្លី។ ប្លង់ដីដែលអាចប្រើជាទ្រព្យបញ្ចាំរួមមានប្លង់រឹងនិងប្លង់ទន់ ហើយភាគច្រើនជាត្រូវបានវាយតម្លៃទាបជាតម្លៃជាក់ស្ដែងនៃដី។

ក្នុងចំណោម ២៨ គ្រួសារដែលអ្នកស្រាវជ្រាវបានសម្ភាស មាន ២២ គ្រួសារដែលលក់ដីដោយបង្ខំ ១៣ គ្រួសារបានចូលរួមក្នុងពលកម្មកុមារ ហើយ ១៨ គ្រួសារ មានសមាជិកម្នាក់ធ្វើចំណាកស្រុក។ នេះគឺសុទ្ធសឹងតែដោយសារបំណុល។

កសិករនៅខេត្តត្បូងឃ្មុំម្នាក់បានឲ្យដឹងថា៖ “ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តគាបសង្កត់មកលើកសិករដូចជារូបខ្ញុំនេះយើងនឹងបន្តបាត់បង់ដីធ្លីរបស់ពួកយើងជាមិនខាន”។

ក្រៅពីរបាយការណ៍របស់លីកាដូ ធនាគារពិភពលោកតាមរយៈរបាយការណ៍ដែលចបានេញផ្សាយកាលពីខែឧសភាកន្លងមកនេះ ក៏បានសម្ដែងការព្រួយបារម្ភដល់ប្រទេសកម្ពុជាផងដែរថា ការកើនឡើងនៃមីក្រូហិរញ្ញវត្ថុ ក៏អាចបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ស្រដៀងគ្នានេះដែរ អង្គការសហប្រជាជាតិកាលពី ២០១៧ ក៏បានលើកឡើងផងដែរថា ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមិនបានធ្វើឲ្យជីវភាពប្រជាជនកម្ពុជាភាគច្រើនប្រសើរឡើងនោះទេ ផ្ទុយទៅវិញវាគឺជាកត្តាជំរុញឲ្យពួកគេកាន់តែក្រីក្រជាងមុនទៅទៀត នេះបើយោងតាមរបាយការណ៍ពត៌មានរបស់ Reuters។

ដោយឡែក ឆ្លើយតបទៅនឹងការស្រាវជ្រាវនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់ Reuters ថាសមាជិកទាំងអស់តែងតែអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិនានា ក្នុងការផ្ដល់ឥណទានក៏ដូចជាក្នុងការត្រួតពិនិត្យបំណុលហួសកម្រិតផងដែរ។

នាយកប្រតិបត្តិស្តីទីរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ជា សារ៉េន មានប្រសាសន៍ថា៖ “ សមាជិកទាំងអស់តែងតែអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជាយកចិត្តទុកដាក់និងចាត់វិធានការសមស្រប ដើម្បីធានាថាវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចីរភាពរយៈពេលវែង” ។

ទន្ទឹមគ្នានេះដែរ ក្រៅពីការបង្ហាញពីបញ្ហាដែលកើតឡើងក្នុងវិស័យនេះ អង្គការលីកាដូ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា វិនិយោគិនអន្តរជាតិ ក៏ដូចជា រដ្ឋាភិបាលកម្ពុជា ជួយគ្នាទៅវិញទៅមកដើម្បីកែទម្រង់បញ្ហានេះ ក្នុងគោលបំណងដើម្បីធានាថាប្រជាជនកម្ពុជាមិនត្រូវបានបង្ខំឱ្យលក់ដីធ្លីនិង ទទួលរងនូវការរំលោភបំពានសិទ្ធិមនុស្សបន្តទៀត ដោយឡែកគឺគួរទទួលបានឥណទានមួយដែលប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]