វិនិយោគិនអាមេរិកបោះទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា
កាលពីថ្មីៗនេះ ក្រុមហ៊ុនវិនិយោគិនរបស់សហរដ្ឋអាមេរិក 500 Startups បានវិនិយោគដើមទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថាKhmerHome.com ដើម្បីជួយជំរុញអាជីវកម្មប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យបែបឌីជីថលក្នុងប្រទេសកម្ពុជាអោយកាន់តែប្រសើរឡើង នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Deal Street Asia ។
500 Startups គឺជាក្រុមហ៊ុនដែលមានបេសកកម្មស្វែងរកនិងគាំទ្រសហគ្រិនដែលមានទេពកោសល្យនិងគំនិតអាជីវកម្មច្នៃប្រឌិតថ្មីជុំវិញលើពិភពលោក ព្រមទាំងជួយផ្តល់ជាដើមទុនអោយសហគ្រិនទាំងនោះក្នុងការបង្កើតក្រុមហ៊ុនក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន500 Startups បានវិនិយោគទុនជាមួយនឹងក្រុមហ៊ុនជាង ២០០០ ក្រុមហ៊ុនទៅហើយនៅជុំវិញពិភពលោក។
ការបោះទុនជាមួយនឹង KhmerHome.comគឺជាការបោះទុនលើកទី ២ ក្នុងប្រទេសកម្ពុជារបស់500 Startups។
គួរបញ្ជាក់ផងដែរថាKhmerHome.com គឺជាគេហទំព័រមួយដែលបង្កើតឡើងកាលពី ២០១៧ កន្លងមកនេះ ដែលផ្តល់នូវសេវាកម្ម ផ្សព្វផ្សាយនិងវាយតម្លៃអចលនទ្រព្យ។ បើយោងតាមស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន KhmerHome.com លោក In Mean បានឱ្យដឹងថាទុនវិនិយោគពី 500 Startups នេះនឹងប្រើដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់យើងនាពេលបច្ចុប្បន្ន ជាពិសេសកម្មវិធីវាយតម្លៃអចលនទ្រព្យក្នុងទូរស័ព្ទ។
សេវាកម្មបែបនេះមិនមែនជាសេវាកម្មថ្មីស្រឡាងសម្រាប់កម្ពុជានោះទេ ព្រោះមានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងដំណើរការសេវាកម្មបែបនេះរួចមកហើយឧទាហរណ៍ដូចជា CBRE Cambodia និង Realestate.com.kh ។ ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុននៅប្រទេសថៃដែលមានឈ្មោះថា Baaniaកំពុងចរចារកដៃគូអាជីវកម្មដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។
ដូច្នេះមានការចោទជាសំណួរថាការកើនឡើងនៃក្រុមហ៊ុនវិភាគអចលនទ្រព្យនេះគឺជាការបង្កើនការប្រកួតប្រជែង ឬ ជាការបង្កើនឱកាសទីផ្សារ ពោលគឺជារឿងវិជ្ជមានឬអវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា។

- Video Advertisement -