វិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?

វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។

ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?

ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ បានធ្វើបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយអ្នកជំនាញ ៣រូប រួមមាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។

បើសរុបការវិភាគរបស់អ្នកជំនាញទាំង៣ មេរៀនសំខាន់ៗ ដែលទទួលបានមានដូចជា៖

១) ត្រូវប្រុងប្រយ័ត្នខ្ពស់លើលំហូរសាច់ប្រាក់
មុនវិបត្តិកូវីដ ម្ចាស់គម្រោងអាចសាងសង់គម្រោងណាមួយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកម្ចីធនាគារ និងការបង់រំលស់ពីអតិថិជន។ ប៉ុន្តែបញ្ហាកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់អ្នកទិញមួយចំនួនធំ ហើយធនាគារក៏រឹតបន្ដឹងកម្ចីជាងមុនផងដែរ។ កត្តាទាំងនេះ បានដាក់សម្ពាធលើស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងយ៉ាងធ្ងន់។ ដូច្នេះ ចាប់ពីពេលនេះតទៅ យុទ្ធសាស្រ្តការអភិវឌ្ឍគម្រោងនឹងផ្លាស់ប្ដូរ ពោលគឺម្ចាស់គម្រោងនីមួយៗ នឹងត្រូវប្រើលំហូរសាច់ប្រាក់ផ្ទាល់ខ្លួនច្រើនជាងមុន ដែលទៅអនាគតរយៈពេលវែង ក៏នឹងធ្វើឱ្យតម្លៃអចលនទ្រព្យថ្លៃជាងមុនផងដែរ។ ដោយឡែក សម្រាប់អ្នកទិញវិញ វិបត្តិកូវីដនឹងធ្វើឱ្យអ្នកដឹងថាម្ចាស់គម្រោងណាមួយរឹងមាំ និងមានលំហូរសាច់ប្រាក់ខ្ពស់។

២) អចលនទ្រព្យតម្លៃទាបក៏ពិតមែន តែកុំវិនិយោគ បើគ្មានសាច់ប្រាក់ក្រាស់
ជាក់ស្ដែង អំឡុងវិបត្តិកូវីដ គឺជាឱកាសទិញអចលនទ្រព្យតម្លៃទាបក៏ពិតមែន ប៉ុន្តែអ្នកទិញត្រូវប្រុងខ្ពស់ ប្រយ័ត្នលើលំហូរសាច់ប្រាក់ និងសក្ដានុពលរបស់អចលនទ្រព្យនោះ។ បើលំហូរសាច់នៅមានកម្រិត មិនគួរទិញអចលនទ្រព្យនោះទេ ទោះអចលនទ្រព្យនោះមានតម្លៃទាបក្ដី ព្រោះអ្នកអាចនឹងជួយហានិភ័យ ស្ទះថវិការយៈយូរ។ ជាក់ស្ដែង គ្មាននរណាដឹងថា វិបត្តិកូវីដនឹងចប់នៅពេលណានោះទេ ដូច្នេះបើគ្មានសាច់ប្រាក់ក្រាស់ ហើយប្រើកម្ចីធនាគារវិនិយោគ អ្នកអាចនឹងវណ្ឌករជាមួយនឹងការប្រាក់រយៈពេលវែង ករណីលក់អចលនទ្រព្យមិនចេញភ្លាមៗ (ព្រោះការលក់ដីឬផ្ទះ ខុសពីការលក់មាសឬពេជ្រ ខាតបន្តិចបន្តួចប៉ុន្តែនៅតែអាចលក់បានភ្លាមៗ)។

៣) បច្ចេកវិទ្យានិង Digital Marketing គឺជាបេះដូងនៃទីផ្សារនាពេលអនាគត
ដោយសារការដាក់កំហិតលើគម្លាតសង្គម ការទិញលក់តាមអនឡាញចាប់ផ្ដើមមានសកម្មភាពជាងមុន ហើយឥរិយាបទរបស់អតិថិជន ឬ Consumer Behavior ក៏ផ្លាស់ប្ដូរដែរ។ កត្តានេះតម្រូវឱ្យទាំងម្ចាស់គម្រោង និងអ្នកទិញត្រូវរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើនជាងមុន ដើម្បីចាប់យកឱកាសឱ្យបាន ។ ចាប់ពីពេលនេះតទៅ ការធ្វើទីផ្សារបែប Digital Marketing គ្រប់ប្រភេទ ពិសេសនៅលើបណ្ដាញសង្គម នឹងក្លាយជាបេះដូងនៃការទិញលក់។

៤) ត្រូវសម្លឹងមើលឱកាសរយៈពេលវែង មិនរាថយចំពោះស្ថានភាពបច្ចុប្បន្ន
ទីផ្សារពេលនេះអាចស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែទាំងអ្នកវិនិយោគ និងម្ចាស់គម្រោងមិនគួរបោះបង់នោះទេ ព្រោះក្រោយកូវីដ ទីផ្សារនឹងស្ទុះឡើងខ្លាំងជាងមុន។ កត្ដាជំរុញសំខាន់បំផុតគឺគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដែលរដ្ឋាភិបាលនៅតែបន្តអនុវត្ត។ ដូច្នេះក្រោយវិបត្តិកូវីដ អចលនទ្រព្យដែលនៅជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងមានសក្ដានុពលខ្ពស់។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរជាងមុននេះ វិនិយោគិនបរទេសក៏នឹងចាប់អារម្មណ៍មកវិនិយោគច្រើនជាមុនផងដែរ ពិសេសខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ។ លើសពីនេះ ការចាក់វ៉ាក់សាំងក៏កំពុងតែបន្ត ដែលនេះជាក្តីសង្ឃឹមយ៉ាងមុតមាំថាមិនយូរនោះទេ ទីផ្សារនឹងប្រសើរឡើងវិញ។

៥) បន្តរក្សាទំនាក់ទំនងល្អ និង ធ្វើបច្ចុប្បន្នភាពចំណេះដឹង
ពេលវេលាស្ងប់ស្ងាត់នេះ គឺពេលវេលាល្អសម្រាប់អ្នកបង្កើនចំណេះដឹង។ សម្រាប់អ្នកទិញ ឬអ្នកវិនិយោគ ត្រូវចេះសិក្សាសង្កេតមើលម្ចាស់គម្រោងមួយណាដែលរឹងមាំ ត្រូវចេះមើលសក្ដានុពលរបស់ទីតាំងអចលនទ្រព្យ និងជាពិសេសត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានច្រើនជាងមុន ដើម្បីត្រៀមខ្លួនចាប់យកឱកាស ក្រោយវិបត្តិ។ ដោយឡែកសម្រាប់ ម្ចាស់គម្រោង ឬភ្នាក់ងារលក់វិញ ត្រូវបន្តទំនាក់ទំនងល្អជាមួយអតិថិជនទាំងថ្មី និងចាស់ ទោះពេលនេះគ្មានការទិញលក់ក្ដី ការដែលមានអតិថិជនក្នុងដៃច្រើនគឺសំខាន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]