វិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៣នេះ
គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ចកម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។
នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបានចុះបញ្ជីកើនឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពីវិនិយោគិនបរទេស។
ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច ជាយន្តការតាមដានត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ក៏ដូចជាបញ្ចៀសហានិភ័យប្រតិបត្តិការលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា និងទី៣ យន្តការនេះ មានភាពទន់ភ្លន់ បទបែន និងមានប្រសិទ្ធភាពអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេសមានការជ្រើសរើសប្រកបដោយទំនុកចិត្ត៕
គួរបញ្ជាក់ថា ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។ (អានបន្ថែម)
- Video Advertisement -