វៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក
ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោយដណ្តើមបានតំណែងទី ០៤ លំដាប់ពិភពលោក។ វិវរណៈនេះ គូសបញ្ជាក់អំពីភាពរីកចម្រើនឥតឈប់ឈររបស់វៀតណាមនៅក្នុងវិស័យសម្ភារៈសំណង់ប្រភេទសេរ៉ាមិច នេះបើយោងតាមសេចក្តីរាយការណ៍ដោយ vietnam.postsen.com នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣។
ទីផ្សារក្បឿងសេរ៉ាមិចវៀតណាមដែលបច្ចុប្បន្នមានតម្លៃ ៥,១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កំពុងត្រៀមខ្លួនសម្រាប់គន្លងកំណើនពិសេសមួយជាមួយនឹងដំណើរវិវត្តន៍ដ៏ជឿនលឿននៃវិស័យសំណង់និងនគរូបនីយកម្មទាំងក្នុងតំបន់និងសកលលោក។ តាមការព្យាករនៅឆ្នាំ ២០២៨ ទីផ្សារក្បឿងសេរ៉ាមិចវៀតណាម នឹងរីកធំឡើងដល់ ៩,៧៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំដ៏រឹងមាំ (CAGR) ១៣,៦៤%។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យនេះ ដែលដើរតួសឹងតែផ្តាច់មុខសម្រាប់ទីផ្សារតំបន់ ត្បិតមានដៃគូប្រកួតប្រជែងទាប។
ចំណុចប្រសព្វនៃកត្តាជំរុញភាពលេចធ្លោរបស់វៀតណាមក្នុងសម្ភារៈសំណង់ប្រភេទសេរ៉ាមិច៖ គួរកត់សម្គាល់ថាការចំណាយលើការសាងសង់កើនឡើងទាំងក្នុងស្រុក និងសមត្ថភាពផ្គត់ផ្គង់តម្រូវការទាំងថ្នាក់តំបន់និងទីផ្សារសកល ជាកត្តាជំរុញចម្បងដែលដឹកនាំទីផ្សារក្បឿងសេរ៉ាមិចឆ្ពោះទៅរកការរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀត កត្តាគុណផលផលិតក៏ជាចលនករជោគជ័យដ៏សំខាន់មួយដែរ នោះគឺការបញ្ចូលជាយុទ្ធសាស្ត្រនៃបច្ចេកវិជ្ជាទំនើបដោយអាជីវកម្មផលិតក្បឿងសេរ៉ាមិចវៀតណាម បូករួមជាមួយនឹងប្រសិទ្ធភាពចំណាយ។
ជាងនេះទៅទៀត សន្ទុះនៃឧស្សាហកម្មនេះត្រូវបានទ្រទ្រង់ដោយយុទ្ធសាស្ត្រនៃការលាយបញ្ចូលគ្នានូវលក្ខណៈឌីសាញផលិតផលតាមបែបប្រពៃណីវៀតណាម និងអាស៊ីជាមួយនឹងធាតុរបស់លោកខាងលិច ដែលឆ្លុះបញ្ចាំងពីការយល់ដឹងនៃការរចនាជាសកលរបស់រចនាករ។
ដែលរឹតតែសំខាន់នោះ គឺជំហរសកម្មរបស់រដ្ឋាភិបាលក្រុងហាណូយតែម្តង ដែលជាកត្តាជំរុញឱ្យមានការរីកលូតលាស់យ៉ាងសកម្មនៃវិស័យនេះ។ ការចាត់វិធានការជំរុញនិងឆ្លើយតបជាក្របខណ្ឌច្បាប់ ផែនការ និងយុទ្ធសាស្ត្រដាក់ចេញដោយស្ថាប័នរដ្ឋាភិបាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងទស្សនវិស័យប្រកបដោយចក្ខុវិស័យដល់ឆ្នាំ ២០៥០ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋនិងឯកជនដើម្បីជំរុញការអភិវឌ្ឍន៍សម្ភារសំណង់ ជាពិសេសសេរ៉ាមិច។
ផលិតផលសម្ភារៈសំណង់ប្រភេទសេរ៉ាមិចរបស់វៀតណាម មានមុខនៅលើទីផ្សារទូទាំងពិភពលោក រួមទាំងតំបន់អាស៊ាន អាស៊ីបូព៌ា អាមេរិក និងអឺរ៉ុប។ គួរកត់សម្គាល់ថា ប្រាក់ចំណូលនាំចេញសម្រាប់ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ២២០ លានដុល្លារ ដែលបង្ហាញពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងទីផ្សារសេរ៉ាមិចអន្តរជាតិ។
ឧស្សាហកម្មផលិតសេរ៉ាមិច ជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំមួយរបស់វៀតណាម ដោយ ចូលរួមចំណែកប្រចាំឆ្នាំក្នុងតម្លៃច្រើនជាង ៣ពាន់លានដុល្លារ ដល់ GDP របស់ប្រទេសទាំងមូល៕
- Video Advertisement -