សកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើអចលនទ្រព្យ ឬសំណង់អ្នកនៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?
មានសំណង់ ឬអចលនទ្រព្យនៅជិតផ្លូវជាតិ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗ ជាជម្រើសល្អ និងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែម្ចាស់សំណង់ក៏ត្រូវមានកាតព្វកិច្ចតាមច្បាប់ដែរ។ ជនណាបំពានមិនគោរពតាមច្បាប់ អាចនឹងត្រូវព្រមាន ព្យួរអាជ្ញាបណ្ណអាជីវកម្ម ពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ១០ លានរៀល ឬ/និងពន្ធធនាគារដល់ទៅ ៥ ឆ្នាំ។
តើសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើមានសំណង់នៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយចំណតរថយន្ត បរិវេណចំណតរថយន្ត ស្ថានីយសេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែ។
ច្បាប់ស្តីពីផ្លូវថ្នល់ បានធ្វើការហាមឃាត់សកម្មភាពមួយចំនួន ដែលអាចបង្កមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរួមមាន៖
ក. ការបំផ្លិតបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
-ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់
-ការនាំចូលយានយន្ត យានូបករណ៍
-ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ
-ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត
-ការសាងសង់ក្នុងដីចំណីផ្លូវ និងលុបគន្លងបង្ហូរទឹកតាមផ្លូវថ្នល់។
ខ. ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍
-ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឲ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់
-ការផ្លាស់ប្តូរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិស និងបង្កើតឧបសគ្គរារាំងនៅលើផ្លូវថ្នល់
-ការចាក់គំនរកម្ទេចសំណង់ពង្រាយលើផ្លូវថ្នល់ ឬការដាក់គរសម្ភារៈវត្ថុរាយប៉ាយលើផ្លូវថ្នល់ និងការហាលវត្ថុផ្សេងទៀតនៅលើផ្លូវថ្នល់។
គ. សកម្មភាពបណ្តាលឲ្យឧបសគ្គដល់ការធ្វើចរាចរណ៍
-ការរៀបចំពិធីផ្សេងៗបំពានលើផ្លូវថ្នល់ជាអាទិ៍ ផ្សារណាត់ ការរាំរែក ការលក់ទំនិញលើផ្លូវថ្នល់ ការជួបជុំមហាជន និងការយកផ្លូវថ្នល់ស្ពានធ្វើជាកន្លែងស្នាក់
-ការដាក់តាំងសម្ភារៈ ឬផ្លាកសញ្ញាផ្សេងៗធ្វើឲ្យបាំងភ្នែក អ្នកបើកបរ ឬបង្កឧបសគ្គដល់អ្នកថ្មើរជើង
-ការសាងសង់ជញ្ជាំងបាំងលយចេញ ឬសំណង់អ្វីមួយលើគែមផ្លូវថ្នល់ ចិញ្ចើមផ្លូវថ្នល់
-ការចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ដោយមិនមានប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ
-ការលើកផ្លូវ ឬការបើកផ្លូវតភ្ជាប់ទៅផ្លូវធំដោយគ្មានច្បាប់អនុញ្ញាត។
៤- រាល់សកម្មភាពផ្សេងៗទៀត ដែលធ្វើឲ្យអន្តរាយផ្លូវថ្នល់ និងគ្រោះថ្នាក់ដល់មនុស្ស
ដោយឡែក ចំពោះការសាងសង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ ដែលច្បាប់នេះមានចែង។ (អានបន្ថែម)
- Video Advertisement -