សណ្ឋាគារលំដាប់ផ្កាយ៤ ថ្មីមួយទៀតបើកដំណើរការជាផ្លូវការនៅខេត្តកំពង់ធំ
សណ្ឋាគារស្តង់ដារលំដាប់ផ្កាយ៤ តម្លៃជាង៥ លានដុល្លារអាមេរិក ឈ្មោះថា កំពង់ធំរ៉ូយ៉ាល់ បានបើកដំណើរការជាផ្លូវការ នៅចំកណ្តាលបេះដូងនៃទីរួមខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
ពិធីបើកសម្ពោធសណ្ឋាគារថ្មីមួយនេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ម្ចាស់គម្រោង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជា ២០០នាក់។
មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងស្ទឹងសែន សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់នេះ មានបន្ទប់ស្នាក់នៅសរុបចំនួន ៨៧បន្ទប់ បន្ទប់ប្រជុំចំនួន ០៣ បន្ទប់ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា ម៉ាស្សា និង Sky Bar ផងដែរ។
សណ្ឋាគារនេះ គឺត្រូវបានវិនិយោគដោយជនជាតិខ្មែរក្នុងទុនវិនិយោគប្រមាណជិត ០៥លានដុល្លារអាមេរិក។ គម្រោងនេះ បានដំណើរការសាងសង់អស់រយៈពេល ៥ឆ្នាំ ដែលនេះ ជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារ ថាឲ្យយកចិត្តទុកដាក់ជាសំខាន់ចំពោះគុណភាពសេវាកម្ម និងគុណវុឌ្ឍរបស់បុគ្គលិកទាំង Hard Skill (ជំនាញផ្នែករឹង) និង Soft Skill (ជំនាញផ្នែកទន់)។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ ឲ្យពន្លឿនការងារអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពល ដោយធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពង្រឹងយន្តការគ្រប់គ្រងសណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍ទាំងនោះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា ៖ «នៅពេលដែលយើងមានគោលដៅទេសចរណ៍ច្រើនក្នុងខេត្ត ភ្ញៀវទេសចរនឹងស្នាក់នៅកាន់តែយូរនៅក្នុងខេត្ត រយៈពេលនៃ ការស្នាក់នៅនឹងអាចកើនពី ០១យប់ ទៅ ០២យប់ឬ០៣យប់ ពេលនោះតម្រូវការបន្ទប់ស្នាក់នៅ នឹងកើនឡើងដល់ ១៣០០បន្ទប់ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍»។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកដំណើរអន្តរជាតិប្រមាណ ១៥ លាននាក់នៅឆ្នាំ ២០៣០ ប្រទេសនេះ នឹងត្រូវការបន្ទប់សណ្ឋាគារចំនួន ១០០,០០០បន្ទប់បន្ថែមទៀតនៅឆ្នាំ ២០២៨។ (អានបន្ថែម)



- Video Advertisement -