សមាគមមីក្រូហិរញ្ញវត្ថុ៖ របាយការណ៍គុណវិបត្តិនៃបំណុលគឺផ្ទុយស្រឡះពីស្ថានភាពជាក់ស្ដែង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលពីលទ្ធផលនៃរបាយការណ៍របស់លីកាដូទាក់ទងទៅនឹងបញ្ហានៃមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយលើកឡើងថារបាយការណ៍នេះពឹងផ្អែកលើវិធីសាស្រ្តដោយមានការរស្ទង់មតិដែលមិនទាន់មានព័ត៌មានគ្រប់គ្រប់ជ្រុងជ្រោយ ដូច្នេះនេះគឺមិនតំណាងឱ្យស្ថានភាពមីក្រូហិរញ្ញវត្ថុជារួមនៅកម្ពុជានោះទេ ក៏ដូចជាបង្កើតឲ្យមានរូបភាពអវិជ្ជមានដែលគ្មានភាពប្រាកដនិយមដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលផងដែរ។
ការលើកឡើងនេះ គឺតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី ៧ ខែសីហាកន្លងមកនេះ ដែលជាថ្ងៃដូចគ្នាដែលអង្គការលីកាដូនិងអង្គការធាងត្នោតបានចេញលទ្ធផលការស្រាវជ្រាវមួយថាការកើនឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលភាគច្រើនប្រើប្លង់ដីជាទ្រព្យបញ្ចាំ អាចបង្ករឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កូនបំណុលរាប់លាននាក់នៅកម្ពុជា ដែលក្នុងនោះការបាត់បង់ដីធ្លីតាមរយៈការរឹបអូសក៏ដូចជាការរំលោភសិទ្ធិមនុស្សគឺជាបញ្ហាចំបង។ (អានបន្ថែម)
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានកត់សម្គាល់ថា របាយការណ៍របស់លីកាដូ បានជ្រើសរើសគំរូនៃការស្ទង់មតិត្រឹមតែ ២៨ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកខ្ចីប្រាក់ជាង ២ លាន នាក់ដែលមាននៅក្នុងបញ្ជីរបស់សមាគម ហើយផ្ដោតទៅលើតែគុណវិបត្តិនៃប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ ដោយរំលងតួនាទីដ៏សំខាន់របស់គ្រឹះសា្ថនហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រនិងបរិយាប័ណ្ណហិរញ្ញវត្ថុ ។ ដូច្នេះរបាយការណ៍នេះ គឺមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា “សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរាល់របាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដនិងមួលបង្កាច់ទៅលើការអនុវត្តន៍ការផ្ដល់ប្រាក់កម្ចី ហើយសមាគមនិងធ្វើការជាមួយសមាជិករបស់យើងដើម្បីស៊ើបអង្កេតលើកការសិក្សាផ្សេងៗលើករណី ដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ។”
សមាគមបានបញ្ជាក់ទៀតថាសមាជិករបស់ពួកគេ តែងតែអនុវត្តគោលការណ៍ណែនាំក្នុងការផ្តល់ប្រាក់កម្ចី (Lending Guideline) យ៉ាងតឹងរឹងទាក់ទងនឹងការទប់ស្កាត់បំណុលវណ្ឌករ ពោលគឺអាចនឹងតឹងរឹងជាងបទប្បញ្ញត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតនៅលើពិភពលោកទៀតផង។
លើសពីនេះទៀតដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់បង់ដីធ្លីរបស់ប្រជាជនដោយសារបំណុល សមាគមបានអះអាងថាប្រាក់កម្ចីបុគ្គលឯកជនម្នាក់ៗជាមធ្យម គឺក្រោម ១០០០ដុល្លារអាមេរិក ដែលមិនតម្រូវឱ្យមានទ្រព្យបញ្ចាំនោះទេ។ នេះអាចមានន័យថាឱកាសនៃការលក់ដីដោយបង្ខំដើម្បីសងបំណុល អាចមិនមែនជាបញ្ហាប្រឈមដែលកើតឡើងដោយការកម្ចីមីក្រូហិរញ្ញវត្ថុនោះទេ។
ទន្ទឹមនឹងនេះ សេចក្តីប្រកាសព័ត៌មានរបស់សមាគមក៏បានលើកឡើងថារហូតមកដល់ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
មីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រពី ៤៧% នៃប្រជាជនក្នុងឆ្នាំ ២០០៧ ដល់ ១៣.៥% នៃប្រជាជនក្នុងឆ្នាំ ២០១៤ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក ។
ក្រៅពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តាមរយៈការបង្ហោះហ្វេសប៊ុកផ្ទាល់ខ្លួន ក៏បានបង្ហាញការមិនពេញចិត្តចំពោះរបាយការណ៍នេះផងដែរ។
លោកជំទាវសរសេរជាភាសាអង់គ្លេសថា៖ [បកប្រែ] “យើងសូមច្រានចោលចំពោះករណីដែលស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាប្រតិបត្តិការងារគ្មានសីលធម៌… ហើយយើងនឹងធ្វើការស៊ើបអង្កេតនិងចាត់វិធានការចាំបាច់នានា” ។
“ខ្ញុំត្រូវកោតសរសើរចំពោះការសម្របសម្រួលរវាងបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ទាំងនេះ (Reuters, Bloomberg, Nikkei, Aljazeera) ក្នុងការចេញផ្សាយរឿងដែលមានគោលបំណងដើម្បីបង្ហាញពីរូបភាពអវិជ្ជមាននៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា នៅថ្ងៃតែមួយ ដោយផ្អែកលើរបាយការណ៍តែមួយដែលចេញដោយអង្គការក្នុងស្រុកតូចមួយ ដោយគ្មានការត្រួតពិនិត្យការពិត…ជាក់ស្ដែងគំរូនៃការស្ទង់មតិមានត្រឹមតែ ២៨ នាក់ ក្នុងចំណោមអ្នកខ្ចីជាង ៥ លាននាក់ … ”។
- Video Advertisement -