សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។
សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ្ណនីមួយៗផងដែរ។
កម្មវិធីនឹងដឹកនាំដោយលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។
ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ (អានបន្ថែម)
ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។ (អានបន្ថែម)

