សម្តេច ហ៊ុន សែន គាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ ក្រោយពីក្រុមហ៊ុននេះបានដំឡើងអំពូលទាំងនេះក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាមរួចមក។ នេះបើយោងតាមការចុះផ្សារលើទំព័រហ្វ៊េសប៊ុករបស់សម្តេចផ្ទាល់។
ការគាំទ្រនេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចជួបពិភាក្សាជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុនមីនីបៀរបស់ប្រទេសជប៉ុន ស្តីអំពីវឌ្ឍភាពនៃការវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៨ និងផែនការវិនិយោគបន្ត ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ។ ក្នុងនោះ ក្រុមហ៊ុនមីនីបៀបានរាយការណ៍ថា កន្លងមក ខ្លួនបានវិនិយោគទឹកប្រាក់ប្រមាណជា៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលរួមមាន ការផលិតអំពូលភ្លើងឆ្លាតវៃហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន ៦,៨៩២គ្រឿង ដែលបានផលិតផល នៅលើទឹកដីកម្ពុជាតែម្តង។
ក្រុមហ៊ុនក៏បានស្នើឲ្យសម្តេចគាំទ្រឲ្យមានការដំឡើងអំពូលទាំងនេះនៅតាមបណ្តាខេត្តសំខាន់ៗនានា ដោយហេតុថា ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺភ្លើងតាមផ្លូវសាធារណៈឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។
សម្ដេចតេជោ ហ៊ុន សែនបានសរសរថា៖ «កម្ពុជាគឺមានប៉ូលបី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងន័យនេះ យើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ»។ សម្តេចបន្ថែមថា ការប្រើអំពូលឆ្លាតវៃក្នុងខេត្តព្រះសីហនុ គឺដើម្បីជាកត្តាជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនី ជួយបរិស្ថាន និងក៏ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតអំពូលនៅក្នុងកម្ពុជាផងដែរ។
ការឲ្យមានការប្រើប្រាស់អំពូលឆ្លាតវៃក្នុងខេត្តព្រះសីហនុ ខណៈដែលខេត្តមួយនេះ កំពុងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសការសាងសង់ផ្លូវចំនួន៣៤ខ្សែ ក្រោមទឹកប្រាក់ប្រមាណជាជិត ៣០០លានដុល្លារអាមេរិក។ (អានបន្ថែម)
ការដំឡើងអំពូលភ្លើងដែលល្អសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាកត្តាចូលរួមមួយក្នុងការអាចឲ្យខេត្តមួយនេះអាចក្លាយជាមជ្ឍមណ្ឌលហិរញ្ញវត្ថុដ៏ធំទំនើបដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចអាស៊ី។ (អានបន្ថែម)
- Video Advertisement -