សរុបគម្រោងធំៗដែលបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២០
សំណង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគម្រោងវិនិយោគធំៗក្នុងវិស័យអចលនទ្រព្យ បានដើរតួរយ៉ាងសំខាន់ និងជាឆ្អឹងខ្នងមួយជំរុញការអភិវឌ្ឍប្រទេសជាតិ។ ទោះរងនូវវិបត្តិកូវីដក្ដីជិត១ឆ្នាំក្ដី សម្រាប់ប្រទេសកម្ពុជា គម្រោងសាងសង់ធំៗជាច្រើនបានបញ្ចប់តាមការកំណត់ ហើយបើកសម្ពោធជាផ្លូវការ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកសម្ពោធក្នុងឆ្នាំ ២០២០ នេះ៖
ផ្លូវជាតិលេខ ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត

ផ្លូវជាតិលេខ ៥៨ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណាយថវិកាសាងសង់ ១២២,៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវមួយខ្សែនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងមកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian។
គម្រោងនេះ គឺជាផ្លូវមេមានប្រវែង ១៦៥,១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣,១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨,៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។ (អានបន្ថែម)
ផ្លូវជាតិលេខ៥៥ ពីពោធិ៍សាត់ឆ្ពោះទៅខេត្តត្រាតប្រទេសថៃ

ផ្លូវជាតិលេខ៥៥ ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាត បានសាងសង់ឡើងដោយប្រើថវិកាសរុប ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ផ្លូវមួយខ្សែនេះ មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ ជាប្រភេទផ្លូវ DBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ (អានបន្ថែម)
ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស-មហាវិថីព្រះនរោត្តម

ការស្ថាបនាស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម ដែលស្ថិតនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ ត្រូវបានបញ្ចប់ និងបើកឱ្យប្រើប្រាស់ជាសាធារណៈចាប់តាំងពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០ មកម្លេះ។
គម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ហើយលាតសន្ធឹងចាប់ពីចំណុចស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅមហាវិថីព្រះនរោត្តមមានប្រវែង ៧៧ ម៉ែត្រ និងពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ចាស់ មានប្រវែង១២៣ ម៉ែត្រ។ (អានបន្ថែម)
សួនទឹក Garden City Waterpark តម្លៃ ៥៥លានដុល្លារ

សួនទឹកតម្លៃជាង ៥៥លានដុល្លារ Garden City Waterpark នេះ ជាការវិនិយោគរបស់ក្រុមហ៊ុនលី យ៉ុងផាត់ (LYP Group) លាតសន្ធឹងលើផ្ទៃដីប្រមាណ ៦ហិកតា ក្នុងតំបន់ទីក្រុងរណបថ្មី Garden City ជិតវិមានឈ្នះឈ្នះ។
គម្រោងនេះ បើកជាផ្លូវការ នៅថ្ងៃទី ១៧ ខែសីហា ២០២០ នឹងមានកន្លែងកម្សាន្តសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិតដែលទឹករលកកម្ពស់ ៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ កន្លែងក្មេងលេង កន្លែងស្ទីមក្ដៅទឹកត្រជាក់ និងកន្លែងសំខាន់ៗផ្សេងទៀត។ (អានបន្ថែម)
អាងហែលទឹកស្តង់ដារអន្តរជាតិតម្លៃជិត ៣លានដុល្លារ

អាងហែលទឹកស្ដង់ដារអន្ដរជាតិថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក ជាគម្រោងស្ដារឡើងវិញនេះ ដែល ចំណាយថវិកាអស់ជិត ៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។
ការស្ដារឡើងវិញនេះធ្វើឡើងអស់រយៈពេល ១៨ ខែ ដោយពិធីបើកសម្ពោធបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ កាលពីថ្ងៃទី ២៨ ខែកញ្ញា។
ការកែលម្អអាងហែលទឹកនេះរួមមានការជួសជុលនិងពង្រីកអាងហែលទឹក (២៥ម៉ែត្រ × ៥០ម៉ែត្រ) អាងលោតទឹក (២០ម៉ែត្រ × ២៥ម៉ែត្រ) ការដំឡើងម៉ាស៊ីនបូម និងចម្រោះទឹកថ្មី ការដាក់កៅអីអង្គុយជាង ១.៦០០កៅអី និងការសាងសង់បន្ទប់ដាក់ឧបកណ៍ ក៏ដូចជាបន្ទប់ហ្វឹកហាត់ ជាដើម។ (អានបន្ថែម)
មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្ស ព្រីនស៍ ម៉ាណ័រ តម្លៃ ៨៥ លានដុល្លារ

មណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល លាតសន្ធឹងលើផ្ទៃដីជិត ១៣ហិកតា។
គម្រោងនេះសាងសង់ដោយក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក ក្រោមទុនវិនិយោគប្រមាណ ៨៥ លានដុល្លារ ដោយបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៧ ខែតុលា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ (អានបន្ថែម)
- Video Advertisement -