សរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២
សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap
នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។
បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំពឹងខ្លាំងលើវិនិយោគិនក្រៅប្រទេស។
ប៉ុន្តែវិបត្តិនេះបានធ្វើឱ្យកម្ពុជាមើលឃើញឱកាសថ្មី គឺទីផ្សារលំនៅឋានតម្លៃសមរម្យ និងមធ្យមដែលបាន និងកំពុងកើនឡើង ទោះស្ថិតក្នុងវិបត្តិ។ វិបត្តិកូវីដ ធ្វើឱ្យមនុស្សផ្ដោតសំខាន់លើទីធ្លា និងលំហរធម្មជាតិ ច្រើនជាងមុនដែលធ្វើឱ្យលំនៅឋានតម្លៃមធ្យមនៅជាយក្រុង មានតម្រូវការខ្ពស់ ជាជាងខុនដូតូចៗនៅក្នុងក្រុង។ ត្រង់ចំណុចនេះ សង្កេតឃើញថា ម្ចាស់គម្រោងជាច្រើន ចាប់យកឱកាសនេះបានទាន់ពេល ដោយបន្ថែមគម្រោងប្រភេទជាច្រើនទៅក្នុងទីផ្សារ។
ទីផ្សារលក់រាយ ឬផ្សារទំនើប រងសម្ពាធខ្លាំង ពិសេសនៅឆមាសទី ១ នៃឆ្នាំ២០២១ ប៉ុន្តែចាប់ផ្ដើមមានដង្ហើមដកឡើងវិញដោយមានការប្រកាសបើកប្រទេសកាលពីខែវិច្ឆិកា។ ក្រោយបើកប្រទេស វិនិយោគិនខ្លះបានចាប់យកឱកាស ដោយបើកផ្សារទំនើបថ្មីៗ ក៏ដូចជានាំចូលប្រេនទំនិញថ្មីៗជាច្រើន ដើម្បីត្រៀមវាយលុកទីផ្សារ។
ដូចគ្នានេះ ស្ថានភាពលំបាកក៏បានបង្រៀនឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ដាស់ប្ដូរផ្នត់គំនិត និងមានភាពច្នៃប្រឌិតជាងមុនក្នុងការធ្វើអាជីវកម្ម ដើម្បីទ្រទ្រង់អាជីវកម្មឱ្យទៅមុខ រង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។ សណ្ឋាគារខ្លះ បានផ្លាស់ប្ដូរគោលនយោបាយមកផ្ដោតលើទីផ្សារក្នុងស្រុកទាំងស្រុង ដោយមានការផ្ដល់ជាប្រូម៉ូសិន ការបញ្ចុះតម្លៃ ការផ្ដល់ជាការស្នាក់បែបគ្រួសារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ យ៉ាងណាក្ដី វិស័យសណ្ឋាគារ អាចនឹងបន្ដជួបនឹងឧបសគ្គពីរលកនៃមេរោគបំប្លែងថ្មីអូមីក្រុង។
ដោយសារតែអាជីវកម្មភាគច្រើនថមថយ ក៏ធ្វើឱ្យទីផ្សារការិយាល័យធ្លាក់ចុះផងដែរ។ ឆ្នាំ ២០២១ កន្លងមកនេះ ឃើញថាតម្រូវការនៅតែមានតិចជាងការផ្គត់ផ្គង់ ព្រោះអត្រាការជួលក៏មិនមានការកើនឡើងនោះទេ ពិសេសក្នុងអំឡុងខែមេសា និងឧសភា នៃឆ្នាំ ២០២១។ ក្រៅពីនេះ ទីផ្សារការិយាល័យ មានឱកាសរងសម្ពាធម្ដងទៀត បើករលកថ្មីនៃអូមីក្រុងបន្ដរីកខ្លាំង។
ជាសរុប ទីផ្សារអលចនទ្រព្យនឹងផ្លាស់ប្ដូរខ្លួន ទៅតាមគោលនយោបាយគ្រប់គ្រងកូវីដរបស់រដ្ឋាភិបាល និងសេដ្ឋកិច្ចជារួមរបស់កម្ពុជា និងក្រៅប្រទេស។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ ភ្នាក់ងារអលចនទ្រព្យCBRE Cambodia បានព្យាករថា នឹងមាននិន្នាការថ្មី ១០ ចំណុចសំខាន់ ដែលនឹងកើតឡើតក្នុងទីផ្សារកម្ពុជា។ (អានបន្ថែម)
—
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -