សហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។
លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកស្រីគឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោងខុនដូល្បី Urban Village & Factory Phnom Penh និងជានាយិកាក្រុមហ៊ុន Goldfame Group ផងដែរ។
ទោះបីមានកំណើតនៅទីក្រុងហុងកុង និងទទួលបានការអប់រំពីចក្រភពអង់គ្លេសក្ដី លោកស្រី Catherine មានសញ្ជាតិជាខ្មែរហុងកុង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកស្រីតែងតែមានមោទនភាពថា ខ្លួនជាកូនខ្មែរ ធ្វើអាជីវកម្មនៅស្រុកខ្មែរ និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។
ភាពជោគជ័យ និងសមិទ្ធិផលក្នុងការធ្វើអាជីវកម្មរបស់លោកស្រីបានក្លាយជាកម្លាំងចលករ ជំរុញឲ្យស្ត្រីខ្មែរជាច្រើនរូបទៀតមិនខ្លាចនឹងឈានជើងចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមនុស្សភាគច្រើនគិតថាជាអាជីវកម្មដែលគ្រប់គ្រងដោយបុរស។
ទោះបីជាលោកស្រី Catherine ជាអ្នកស្នងមរតករបស់អ្នកជំនួញល្បីហុងកុង ម្ចាស់ក្រុមហ៊ុន Goldfame Group ក៏ដោយ ក៏មិនមែនលោកស្រីបានក្លាយខ្លួនជាអ្នកដឹកនាំដោយងាយៗនោះទេ លោកស្រីបានឆ្លងកាត់ និងជំនះឧបសគ្គជាច្រើន។
«កាលពីឆ្នាំ ២០១០ បន្ទាប់ពីខ្ញុំទទួលបានអាជ្ញាបណ្ណស្របច្បាប់ជាគណនេយ្យករជំនាញម្នាក់នៅហុងកុង ពេលនោះខ្ញុំបានប្រាប់មិត្តភក្តិថានឹងទៅប្រទេសកម្ពុជា ពួកគេភ្ញាក់ផ្អើលខ្លាំង ហើយសួរថាហេតុអ្វីខ្ញុំសម្រេចចិត្តទៅធ្វើការនៅក្នុងប្រទេសមួយដែលមានភាពខុសប្លែកខ្លាំងពីទីក្រុងហុងកុង» លោកស្រី Catherine មានប្រសាសន៍។

«ពេលចូលមកធ្វើការនៅ Goldfame Group ដំបូង ខ្ញុំនៅខ្ចីខ្លាំងណាស់ក្នុងអាជីវកម្មកាត់ដេរ។ បើទោះបីជាមានកំរិតសិក្សាខ្ពស់ជាងបុគ្គលិកដទៃទៀត ខ្ញុំបានចាប់ផ្ដើមដំបូងជាមួយដំណែងជាបុគ្គលិកផ្នែកលក់ជាន់ទាបមួយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា គោលដៅសំខាន់របស់ខ្ញុំគឺនៅថ្ងៃក្រោយខ្ញុំនឹងគ្រប់គ្រងក្រុមហ៊ុនទាំងមូល ដូច្នេះខ្ញុំត្រូវយល់ដឹងពីគ្រប់ផ្នែកទាំងអស់នៃមុខជំនួញនេះ»
«ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំជឿជាក់ខ្លាំងចំពោះការខំប្រឹងប្រែងធ្វើការ និងការប្ដេជ្ញាចិត្ត។ ខ្ញុំតែងចូលធ្វើការមុនម៉ោង ហើយចេញពីធ្វើការក្រោយគេ។ ការប្រឹងប្រែងរបស់ខ្ញុំបានចេញជាផ្លែផ្កា ដោយប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានឡើងតំណែងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទទួលខុសត្រូវ គ្រប់គ្រងកិច្ចការងារផ្សេងៗពាក់ព័ន្ធជាមួយអតិថិជន និងការិយាល័យផ្នែកឌីហ្សាញម៉ូតនៅប្រទេសអេស្ប៉ាញ» លោកស្រី Catherine បានបន្ថែម។
លោកស្រីមិនដែលបពា្ឈប់ដំណើរជីវិតការងាររបស់លោកស្រីឡើយ បើទោះបីជាទទួលបានជោគជ័យក្នុងអាជីវកម្មកាត់ដេរហើយក៏ដោយ។ ផ្តើមចេញពីការសង្កេតឃើញរបស់លោកស្រី និងស្វាមីលោក Ben Li ថាមានបុគ្គលិកមួយចំនួនធំបានត្អូញត្អែរពីការលំបាកក្នុងការស្វែងរកខុនដូល្អៗសម្រាប់ស្នាក់នៅ ដែលទាំងនេះជាចំណុចសំខាន់ក្នុងការជំរុញឲ្យពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានក្លាយជាម្ចាស់គម្រោងខុនដូដ៏ល្បីល្បាញ Urban Village និងមជ្ឈ-មណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍។
«យើងបានឮពីបុគ្គលិកយើង ដោយពួកគេភាគច្រើនកំពុងតែស្វែងរកទិញផ្ទះដ៏ល្អមួយសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ នេះជាមូលហេតុសំខាន់មួយដែលយើងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ។ លើសពីនេះទៅទៀតខ្ញុំសម្គាល់ឃើញថាទីផ្សារខុនដូកម្ពុជាមានសក្ដានុពលខ្ពស់ ហើយវិស័យខុនដូនៅមានចន្លោះខ្វះខាតមួយចំនួន ដែលចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើង ដូច្នេះហើយទើបយើងចាប់ផ្ដើមអភិវឌ្ឍគម្រោងខុនដូ Urban Village និង Factory Phnom Penh» លោកស្រី Catherine មានប្រសាសន៍។
ក្រោមការគ្រប់គ្រងរបស់លោកស្រី និងស្វាមី ព្រមទាំងក្រុមការងារ ខុនដូ Urban Village បានក្លាយជាគម្រោងតែមួយគត់នៅកម្ពុជាដែលបានទទួលពានរង្វាន់ “គម្រោងខុនដូល្អបំផុត” នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាពីរឆ្នាំផ្ទួនៗ (២០១៩ និង ២០២០)។ គម្រោងនេះក៏បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អបំផុតនៅអាស៊ី” នៅឆ្នាំ ២០១៩ និង “ជាកន្លែងធ្វើការរួមល្អ បំផុតនៅអាស៊ី” នៅឆ្នាំ ២០២០ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី Property Guru វគ្គផ្តាច់ព្រ័ត្រ។ វាជាមោទកភាពសម្រាប់កម្ពុជា។ មកទល់ពេលនេះ គម្រោង Urban Village បានឈ្នះពានរង្វាន់សរុបចំនួន ១៦ ហើយ។

នៅពេលសួរថាតើលោកស្រីមានគន្លឹះសម្ងាត់អ្វីពីក្រោយភាពជោគជ័យនេះ លោកស្រី Catherine បានបង្ហើបថា មិនមានផ្លូវកាត់ទៅរកភាពជោគជ័យនោះទេ មានតែការខិតខំប្រឹងប្រែង និងរៀនសូត្រប៉ុណ្ណោះដែលនឹងផ្ដល់រង្វាន់ជាទីគាប់ចិត្តទៅដល់អ្នក។
លោកស្រីបានប្រើប្រយោគថា “No pain, No gain” មានន័យថា “បើគ្មានការឈឺចាប់ គឺគ្មានភាពជោគជ័យ”។ មនុស្សភាគច្រើនរាថយពេលពួកគេប្រឈមនឹងបញ្ហាអ្វីមួយ ហើយមួយចំនួនទៀតមិនមានគោលដៅច្បាស់លាស់មុននឹងចាប់ផ្តើម។ នេះជាកត្តាដែលធ្វើឲ្យអ្នកមិនជោគជ័យ។
«មានមនុស្សមិនតិចទេដែលមិនជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការដឹកនាំក្រុមហ៊ុនតម្លៃរាប់លានដុល្លារនៅក្នុងវិស័យដែលភាគច្រើនគ្រប់គ្រងដោយបុរស ពីព្រោះខ្ញុំជាស្ត្រី។ និយាយដោយត្រង់ ខ្ញុំមិនគិតថាខ្លួនឯងជាមនុស្សអច្ឆរិយៈអ្វីនោះទេ ប៉ុន្ដែខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចខំប្រឹងប្រែងនឹងផ្ដល់ជូនមកអ្នកវិញនូវផ្លែផ្កាដែលអ្នកប្រាថ្នាចង់បាន។ មនុស្សភាគច្រើនធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ចំណែកខ្ញុំធ្វើការពី ១២ ទៅ ១៨ ម៉ោងក្នុងមួយថ្ងៃ។ ពេលវេលាមានតម្លៃ។ ភាពជោគជ័យរបស់គម្រោង Urban Village គឺជាឧទាហរណ៍មួយដ៏ល្អបំផុតនៃការខំប្រឹងប្រែង» លោកស្រី Catherine បានបន្ថែម។
លោកស្រីបានបន្តថា គន្លឹះសំខាន់មួយទៀត គឺរាល់ផលិតផល ឬសេវាកម្មដែលធ្វើត្រូវតែផ្ដោតលើគុណភាពជាចម្បង ហើយត្រូវចេះចាប់ដៃគូរឲ្យបានត្រឹមត្រូវ។ គម្រោង Urban Village ក្លាយជាគម្រោងលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាដោយសារតែខុនដូនេះមានស្តង់ដារខ្ពស់ បើប្រៀបធៀបនឹងគម្រោងដទៃ។ គម្រោងទាំងអស់របស់លោកស្រីត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពិគ្រោះយោបល់ភាគីទីបី ដើម្បីធានាគុណភាពនៃគម្រោង និងធ្វើឲ្យប្រាកដថាគ្រប់ផ្នែកនីមួយៗនៃគម្រោងគោរពតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនពិគ្រោះយោបល់ទាំងនោះរួមមាន Cole Atelier, Oliver Ho & Associates, Meinhardt Group និង Colors ជាដើម។
ក្រៅពីចំណុចទាំង២ខាងលើ គោលការណ៍សំខាន់បំផុតមួយទៀតដែលលោកស្រីតែងតែប្រកាន់ខ្ជាប់ក្នុងការធ្វើអាជីវកម្មគឺ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ពោលគឺបើរកស៊ីជាមួយគ្នាត្រូវតែចំណេញទាំងសងខាង។

«យើងដឹងថាប្រទេសកម្ពុជានៅមានសក្ដានុពលជាច្រើន ហើយជាប្រទេសល្អបំផុតមួយនៅក្នុងតំបន់សម្រាប់ការវិនិយោគលើគម្រោងអចលនទ្រព្យ។ ប៉ុន្ដែមានអ្នកវិនិយោគបរទេសមួយចំនួនមិនទាន់មានភាពជឿជាក់ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជានោះទេ ដោយសារតែមាន ក្រុមហ៊ុនអភិវឌ្ឍបរទេសមួយចំនួននៅប្រទេសកម្ពុជា ផ្ដោតសំខាន់លើតែការរកប្រាក់ចំណេញ ហើយបន្ទាប់មកចាកចេញពីប្រទេស។ នេះជាកត្តាមួយធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ទីផ្សារអចលនទ្រព្យ» លោកស្រី Catherine បាន បញ្ជាក់។
«ប៉ុន្តែក្រុមហ៊ុនយើងគឺមិនដូចគ្នាទេ។ យើងផ្ដោតលើយុទ្ធសាស្ត្រឈ្នះឈ្នះ។ យើងគិតគូរពីផលប្រយោជន៍របស់អតិថិជន និងប្រទេសកម្ពុជាទាំងមូលជាចម្បង។ ឧទាហរណ៍ អ្នកទិញខុនដូ Urban Village ទទួលបានលំនៅដ្ឋានទីតាំងល្អ និងមានផាសុកភាពចំពោះការចំណាយប្រាក់ ដែលពួកគេរកបានយ៉ាងលំបាក។ ដូចគ្នានេះដែរ អ្នកជួលកន្លែងរបស់យើងក្នុងមជ្ឈមណ្ឌល Factory Phnom Penh អាជីវកម្មរបស់ពួកគេដំណើរការទៅមុខយ៉ាងរលូនក៏ដោយសារតែគុណភាពនៃសហគមន៍របស់យើង» លោកស្រី Catherine មានប្រសាសន៍។
ក្រៅពីភាពជោគជ័យនៅកម្ពុជា លោកស្រីក៏ជាសហគ្រិនឆ្នើមមួយរូបនៅលើឆាកអន្តរជាតិផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី Catherine ក៏បានទទួលពានរង្វាន់ “សហគ្រិនស្ត្រីបូហ៊ូនីមាសទី ក្រុងហុងកុងឆ្នាំ២០២០” ឬ Golden Bauhinia Women Entrepreneurs Award 2020។
ជាមួយសមិទ្ធិផលដ៏លេចធ្លោទាំងនេះ លោកស្រី Catherine តែងតែលើកទឹកចិត្តដល់ស្ត្រីដទៃទៀតមិនថានៅក្នុងវិស័យអចលនទ្រព្យ ឬវិស័យដទៃទៀតឲ្យជឿជាក់លើខ្លួនឯង និងដើរឆ្ពោះទៅរកក្ដីសុបិនខ្លួនយ៉ាងមុតមាំ។
លោកស្រីបានណែនាំជាចុងក្រោយថា៖ «កុំបពា្ឈប់ការរៀនសូត្រនូវចំណេះដឹងថ្មីៗឲ្យសោះ ហើយបន្តខិតខំតទៅទៀត។ កុំរាថយព្រោះតែខ្លួនជាស្ត្រី ត្រូវជឿជាក់ថាយើងមានសមត្ថភាព កំណត់គោលដៅឲ្យជាក់ច្បាស់ ហើយខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បី សម្រេចគោលដៅនោះឲ្យបាន»៕

- Video Advertisement -