ស្វែងយល់ពន្ធសំខាន់ៗទាំង ៤ ទាក់ទិននឹងអចលនទ្រព្យ
នៅកម្ពុជា រាល់ការទិញលក់ ឬកាប់កាប់អចលនទ្រព្យត្រូវតែជាប់ពន្ធ។ មកស្វែងយល់ទាំងអស់គ្នា តើត្រូវជាប់ពន្ធអ្វីខ្លះ ហើយពន្ធអ្វីខ្លះដែលត្រូវលើកលែង?
ពន្ធសំខាន់ៗ ទាក់ទិននឹងការទិញលក់ ឬកាន់កាប់អចលនទ្រព្យ រួមមាន៖
១) ពន្ធប្រថាប់ត្រា ៤%
ពន្ធនេះតម្រូវឱ្យបង់ក្នុងករណីមានការទិញលក់ ហើយផ្ទេរកម្មសិទ្ធ។ ជាទូទៅពន្ធ ៤% នេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់។ អ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែ ក្រោយមានការផ្ទេរកម្មសិទ្ធិ។ បច្ចុប្បន្ន ពន្ធនេះត្រូវបានលើកលែងសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។ (អានបន្ថែម)
២) ពន្ធលើអចលនទ្រព្យ ០,១%
ពន្ធនេះតម្រូវឱ្យបង់ សម្រាប់អ្នកមានអចលនទ្រព្យតម្លៃលើសពី ១០០លានរៀល ឬ ២៥ ០០០ ដុល្លារ។ ដូច្នេះ ដើម្បីគណនាពន្ធ អ្នកត្រូវយកតម្លៃជាក់ស្ដែងនៃអចលនទ្រព្យមកដកនឹង ២៥ ០០០ ដុល្លារ សិន មុននឹងគុណនឹង ០,១%។ ម្ចាស់អចលនទ្រព្យទាំងអស់ រួមទាំង ដី ផ្ទះ អគារនានា ត្រូវបង់ពន្ធនេះជារៀងរាល់ឆ្នាំ។
៣) ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់ ២%
ពន្ធនេះ គឺតម្រូវឱ្យបង់សម្រាប់ដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ដែលស្ថិតក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ម្ចាស់ដី ត្រូវបង់ពន្ធក្នុងអត្រា២% នៃតម្លៃដី ដែលកំណត់ដោយគណៈកម្មការ។ ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០,១% ទេ។ (អានបន្ថែម)
៤) ពន្ធចំណេញមូលធន ២០%
ពន្ធនេះជាពន្ធថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ ២០២២។ សម្រាប់ពន្ធនេះ គឺរាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅ នឹងត្រូវជាប់ពន្ធ ២០%។ អ្នកជាប់ពន្ធអាចជ្រើសរើសវិធី ២ ក្នុងការគណនាពន្ ធរួមមាន៖
១) រដ្ឋអនុញ្ញាតឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់។ ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ។ រដ្ឋមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ រដ្ឋអនុគ្រោះ ឱ្យកាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា អ្នកចំណេញតែ ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ។
២) កាត់ចំណាយជាក់ស្ដែង ដោយចំណាយនោះមានដូចជា ថ្លែដើម ប្រាក់ពន្ធបានបង់ ចំណាយកម្រៃជើងសារ និងចំណាយកែលម្អជាដើម។ (អានបន្ថែម)
- Video Advertisement -