ស្វែងយល់ពីពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់
កន្លងមកលោកអ្នក បានសិក្សា និងស្វែងយល់រួចមកហើយពីប្រភេទនៃអចលនទ្រព្យដែលជាប់ពន្ធ និងប្រភេទអចលនទ្រព្យមិនជាប់ពន្ធ ដោយក្នុងនោះដីធ្លីមិនបានប្រើប្រាស់ក៏ត្រូវជាប់ពន្ធផងដែរ។ លើសពីនេះ ការបង់ពន្ធទៅលើអចលនទ្រព្យទាំងអស់ គឺមិនដូចគ្នាទេ គឺត្រូវបង់ទៅតាមប្រភេទ ទំហំ និងទីតាំង ដែលអចលនទ្រព្យស្ថិតនៅ។ តួយ៉ាង តម្លៃមូលដ្ឋានគិតពន្ធនៃដីធ្លីមិនបានប្រើប្រាស់ មិនដូចគ្នាទៅនឹងតម្លៃនមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ដែលមានចែងក្នុង មាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១០ ដែលសំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះទេ។ (អានបន្ថែម)
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៦ ក្រោមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដោយមាត្រា ២៧ នៃច្បាប់នេះ បានចែងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរ ត្រូវបានបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ។
ចាប់ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០៦ ដោយអនុលោមតាមមាត្រា ៣០ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ នេះផងដែរ ពន្ធនេះ ត្រូវបានអនុញ្ញាតឱ្យកាត់កងចេញពីមូលដ្ឋានគិតពន្ធចំនួន១ ២០០ ម៉ែត្រក្រឡាក្នុងដីមួយកន្លែង និងចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន ការអនុគ្រោះកាត់មូលដ្ឋានគិតពន្ធនេះមិនត្រូវបានអនុញ្ញាតទៀតនោះទេ។
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃទិញដីប្រើប្រាស់ ដោយរងចាំតម្លៃឡើងថ្លៃ ហើយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។
ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំងផ្ទៃប្រទេស ដោយកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដូចមានចែងនៅក្នុងសេចក្តីសម្រេចលេខ០០៧ សសរ.សហវ.ពដ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥។
ប៉ុន្តែដីដែលធ្វើស្រែចំការ ដែលមានការដាំដំណាំពេញ គឺត្រូវបានចាត់ទុកជាដីមានការប្រើប្រាស់វិញ។ ដូចនេះ ដីប្រភេទនេះមិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ។ ដីដែលមានសកម្មភាពទាំងអស់នេះ អាចនឹងជាប់ជាពន្ធដីធ្លីមិនបានប្រើប្រាស់វិញ បើប្រាក់ចំណូលប្រចាំខែបានមកពីសកម្មភាពនៃការដាំដុះនេះមិន លើសពី៨០% នៃ ១/១២ នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធគុណនឹងមេគុណ ដែលកំណត់ដោយប្រកាស ៧៤៤ ប្រក.សហវ.ពដ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ស្ដីពីការកំណត់មេគុណសម្រាប់អនុវត្ដក្នុងការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់។
អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាចទៅបង់ពន្ធនៅតាមសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិនបើអចលនទ្រព្យនោះស្ថិតនៅក្នុងរាជធានីភ្នំពេញ អ្នកជាប់ពន្ធ អាចទៅបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារបាន។ ម្ចាស់ដី ត្រូវដាក់លិខិតប្រកាសពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ពីថ្ងៃទី ០១ ខែ មករា រហូតដល់ ថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំប្រមូលពន្ធនីមួយៗ។ ឧទាហរណ៍ ៖ ប្រសិនបើដីធ្លីជាប់ពន្ធ មានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធទាំងនោះ ត្រូវដាក់លិខិតប្រកាសពន្ធ និងត្រូវបង់ពន្ធជូនសាខាពន្ធដារខេត្ដសៀមរាប។
ដើម្បីអាចរក ចំនួនប្រាក់ពន្ធ ត្រូវបង់ ម្ចាស់ដីត្រូវយក មូលដ្ឋានកំណត់ពន្ធ គុណនឹង អត្រាពន្ធ(២%)។ មុននឹងរកប្រាក់ពន្ធត្រូវបង់ ម្ចាស់ដីត្រូវរកមូលដ្ឋានកំណត់ពន្ធជាមុនសិន ដែលជាចំនួននៃផ្ទៃដីសរុប គុណនឹងតម្លៃដីក្នុងមួយម៉ែត្រក្រឡានៃដីនោះ (តម្លៃដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់)។ ឧទាហរណ៍៖ នៅខេត្ដសៀមរាប ដីមិនមានការប្រើប្រាស់មួយកន្លែងស្ថិតក្នុងតំបន់ ២ មានបណ្ដោយ ២០០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ គណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ កំណត់ថា ដីនោះមានតម្លៃ ៥០ ០០០ រៀល ក្នុងមួយម៉ែត្រក្រឡា។
ក្នុងករណី បុគ្គលដែលមានការធ្វេសប្រហែសមិនបានដាក់លិខិតប្រកាសពន្ធ ឬមិនបានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវទទួលរងពិន័យជាការបង់ប្រាក់ពន្ធបន្ថែមស្មើនឹង ១០% ឬ២៥% និង ៤០% នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់ ២% នៃចំនួនប្រាក់ពន្ធ ដែលបង់ខ្វះសម្រាប់ខែនីមួយៗ ឬចំណែកនៃខែ ដែលចំនួនប្រាក់ពន្ធខ្វះ មិនទាន់បានបង់។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។ (អានបន្ថែម)
- Video Advertisement -