ហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?
សរសរដោយ Harbor Property
ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។
យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់?
លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ មានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។
គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិតនៅទល់មុខផ្លូវធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ហើយតម្លៃក៏ប្រកួតប្រជែងផងដែរ។
លោកបានបន្ថែមថា៖ «គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី ២000-៣000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ ៥00 ទៅ ១000 ដុល្លារក្នុងមួយខែ។ ចំណុចនេះនឹងធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី ១000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន»។
ដោយសារវិបត្តិកូវីដ អ្នកអភិវឌ្ឍមួយចំនួនបានពន្យារពេលគម្រោងខុនដូដល់ឆ្នាំ ២០២២ ហើយគម្រោងខ្លះបានបញ្ចប់ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់ CBRE Cambodia ពាក់កណ្តាលនៃគម្រោងខុនដូដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២២។ ក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ មានតែគម្រោងតែ ១ ប៉ុណ្ណោះដែលបានបញ្ចប់គឺ TK Star International ។ ការពន្យារពេលនេះគឺជាការឆ្លុះបញ្ចាំងពីតម្រូវការ និងការផ្គត់ផ្គង់ខុនដូរក្នុងទីផ្សារជាក់ស្ដែង។
នៅឆ្នាំ ២០២២ នឹងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារខុនដូរ ដោយសារគម្រោងដែលបានពន្យារពេលជាច្រើននឹងសាងសង់ឡើងវិញក្នុងពេលដំណាលគ្នា ដែលនាំឱ្យការផ្គត់ផ្គងខុនដូ រកើនឡើង ៤២% នៃការផ្គត់ផ្គង់សរុប។ លើសពីនេះ ការលក់នឹងបន្តជួបការលំបាករហូតដល់ការបើកជើងហោះហើរទៅវិញទៅមកដំណើរការឡើងវិញ។
របាយការណ៍នេះបន្តថា ដើម្បីទទួលបានភាគជោគជ័យនៅក្នុងទីផ្សារ អ្នកអភិវឌ្ឍបានផ្លាស់ប្ដូរយុទ្ធសាស្រ្តលក់ផ្សេងៗគ្នាដូចជាការបង្កើនអត្រាកម្រៃជើងសារភ្នាក់ងាររហូតដល់ ១២% រួមទាំងការផ្ដល់ជូនសម្ភារប្រើប្រាស់ក្នុងផ្ទះ ឬគ្រឿងសង្ហារឹមជាដើម។
ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ គេជឿថាប្រជាជនកម្ពុជាកាន់តែច្រើននឹងផ្លាស់ប្តូរផ្នត់គំនិតពីការទិញលំនៅដ្ឋានក្នុងបុរីនៅជាយក្រុង មកទិញខុនដូនៅកណ្តាលទីក្រុង ដោយសារមូលហេតុចម្បងចំនួន២ គឺការស្ទះចរាចរណ៍ និងតម្លៃផ្ទះខ្ពស់នៅក្នុងតំបន់កណ្ដាលក្រុង។
លោក អៀ ចរិយា ថាការកើនឡើងនៃចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ នឹងធ្វើឱ្យមានការកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងទីក្រុង។ ប្រការនេះនឹងជំរុញឱ្យអ្នកធ្វើការផ្លាស់ប្តូរផ្នត់គំនិតមករស់នៅក្នុងខុនដូ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរពីផ្ទះជាយក្រុង។
លោកបន្ថែមថា ខុនដូក្រោម ១00,000 ដុល្លារក្នុងមួយយូនីតនៅកណ្តាលទីក្រុង ចាត់ទុកថាមានតម្លៃសមរម្យ បើធៀបនឹងផ្ទះដែលមានតម្លៃចន្លោះពី ១៥0,000 ដុល្លារ ទៅ ៣00,000 ដុល្លារក្នុងខ្នង។
- Video Advertisement -