ហេតុអ្វីបានជាគេនិយមទៅបើកហាងលក់ម្ហូបអាហារនៅFood Court ក្នុងផ្សារទំនើប? ចំណេញខ្លាំងឬយ៉ាងណា?
តូបអាជីវកម្មលក់ម្ហូបអាហារនៅក្នុងផ្សារទំនើប ឬនិយមហៅថា Food Court បាន និងកំពុងក្លាយជានិន្នាការវិនិយោគដែលកំពុងពេញនិយមថ្មីមួយ សម្រាប់ម្ចាស់អាជីវកម្មជាច្រើន។
សង្កេតឃើញថា នៅតាមផ្សារទំនើបនានា Food Court តែងតែមានមនុស្សជាច្រើនជុំៗគ្នាស្ទើគ្រប់ពេល។ តើអ្នកឆ្ងល់ទេថាហេតុអ្វី?
Food Court គឺជាទីតាំងមួយក្នុងផ្សារទំនើបដែលបើកឱ្យម្ចាស់អាជីវកម្មបើកហាងលក់ម្ហូបអាហាររួមគ្នាជាច្រើនតូប។ ខុសគ្នាពីភោជនីយដ្ឋានដែលបើកដាច់ៗពីគ្នា Food Court មានអ្នកលក់ច្រើនអ្នកតែនៅកន្លែងតែមួយ និងគ្របគ្រងដោយប្រព័ន្ធតែមួយ។
ដោយសារតែ Food Court ជាទូទៅផ្ដល់សេវាកម្មរហ័ស មានជម្រើសច្រើន និងមានតម្លៃសមរម្យនេះ ទើបធ្វើឱ្យមានមនុស្សជាច្រើនដែលទៅដើរផ្សារទំនើប ហើយមិនចង់ចូលភោជនីយដ្ឋានធំៗ តែងាកមកចូល Food Court វិញ។ កត្តានេះ បានធ្វើឱ្យអាជីវកម្ម Food Court កំពុងរីកដុះដាល់ជាបន្តបន្ទាប់ក្នុងទីផ្សារកម្ពុជា។
លើសពីនេះ ការប្រកបអាជីវកម្ម Food Court គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់គ្រប់ភាគី ដែលពាក់ព័ន្ធ ទាំងអ្នកបើកតូបលក់អាហារផ្ទាល់ ទាំងអ្នកគ្រប់គ្រងFood Court ម្ចាស់ផ្សារទំនើប ។
ទី១ អ្នកបើកតូបលក់អាហារផ្ទាល់ មានភាពងាយស្រួល មិនបាច់ខ្វល់រឿង តុ កៅអី ឬសេវាកម្មសំអាត ដោយអ្នកគ្រប់គ្រងFood Court ជាអ្នកចាត់ចែងទាំងអស់ ពោលគឺចូលទៅលក់តែខ្លួន។ លើសពីនេះ ការជួលកន្លែងក្នុងFood Court មិនថ្លៃខ្លាំងដូចដែលអ្នកគិតទេ តម្លៃគឺសមរម្យ ពោលគឺទាបជាងជួលទីតាំងបើកហាងដាច់ដោយឡែកតែម្នាក់ឯង។
ទន្ទឹមនឹងនេះ អ្នកដែលធ្លាប់លក់ម្ហូបអាហារតាមផ្លូវ ក៏អាចមានឱកាសពង្រីកអាជីវកម្មខ្លួនបានដែរ។ មិនមែនមានន័យឱ្យបិទហាងតាមផ្លូវឱ្យមកបើកនៅក្នុងផ្សារទំនើបទេ តែអាចជាជម្រើសមួយបន្ថែមទៀត ព្រោះមានអតិថិជនមួយចំនួនពិបាកចូលទៅបរិភោគអាហារតាមផ្លូវ ជាពិសេសភ្ញៀវទេសចរ ដែលព្រួយបារម្ភរឿងអនាម័យ។ ដូច្នេះការបើកតូបក្នុងFood Court គឺជាឱកាសចាប់យកអតិថិជនបន្ថែមទៀត។
ទី២ អ្នកគ្រប់គ្រងFood Court ក៏ចំណេញដែរ បើមានអ្នកដែលលក់ម្ហូបអាហារតាមផ្លូវចូលមកបើកហាងក្នុងFood Court របស់ខ្លួនកាន់តែច្រើន អ្នកដើរផ្សារក៏នឹងចូលចិត្តចូលFood Court ជាងមុន ព្រោះមានអាហារច្រើនមុខឱ្យរើស មានទាំងម្ហូបក្នុងស្រុក និងក្រៅស្រុក។ ពេលមានអ្នកចូលបរិភោគច្រើន អ្នកគ្រប់គ្រងFood Court ក៏នឹងទទួលចំណូលបានច្រើនជាមុន តាមរយៈថ្លៃជួល និងថ្លៃភាគរយ។
ទី ៣ ម្ចាស់ផ្សារក៏ចំណេញខ្លាំង ដែរ។ សំខាន់បំផុតគឺបានថ្លៃជួលច្រើនពីអ្នកលក់ ហើយជាមួយគ្នានេះ ក៏ជាការជំរុញឱ្យមានអ្នកដើរផ្សារច្រើនជាងមុនផងដែរ។ ដោយសារ Food Court មានម្ហូបចំរុះ ច្រើនមុខ និងតម្លៃសមរម្យ ជាចំណុចសំខាន់មួយដែលទាក់ទាញអ្នកដើរផ្សារទាំងក្នុងស្រុក និងភ្ញៀវទេសចរបរទេស ព្រោះពួកគេអាចសាកម្លូបឱ្យបានច្រើនមុខ ដោយមិនបាច់ដើរទៅច្រើនកន្លែង។
សរុបមក ការប្រកបអាជីវកម្ម Food Court សំខាន់ចាត់ទុកថាជម្រើសអាជីវកម្មថ្មីមួយ ដែលកំពុងមានសក្ដានុពល ព្រោះគ្រប់ភាគីទទួលបានអត្ថប្រយោជន៏។ ប៉ុន្តែ ក្នុងស្ថានភាពកូវីដបែបនេះ អ្នកគួរពិចារណាឱ្យបានច្បាស់លាស់មុនវិនិយោគ។
—
សហការសរសេរដោយលោក លោក Eric Wong Chon Lap
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -