ហេតុអ្វីបានជាទីផ្សារអចលនទ្រព្យកម្ពុជាមិនប៉ះពាល់ខ្លាំងពីកូវីដបើធៀបនឹងប្រទេសជិតខាង?
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានបង្ហើបឱ្យដឹងថា មានកត្ដា៣ សំខាន់ៗ ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ បើប្រៀបធៀបនឹងប្រទេសជិតខាង។
កត្តាទី ១ អ្នកអភិវឌ្ឍអចលនទ្រព្យភាគច្រើននៅកម្ពុជាសុទ្ធសឹងតែមានទុនវិនិយោគក្នុងដៃច្រើន ឧទាហរណ៍ដូចជា បូរីប៉េង ហួត និងជីប ម៉ុង ជាដើម។ ដូច្នេះហើយពួកគេ មានទុនគ្រប់គ្រាន់ក្នុងការរក្សាលំនឹងអាជីវកម្ម ដោយនៅតែបន្តសាងសង់គម្រោងដែលកំពុងសាងសង់ ហើយបង្កើតគម្រោងថ្មីៗជាបន្តបន្ទាប់។
ខុសពីអ្នកអភិវឌ្ឍក្រៅប្រទេស ដែលភាគច្រើនសាងសង់គម្រោងនីមួយៗគឺ ពឹងផ្អែកច្រើនទៅលើកម្ចីធនាគារ។ ហើយក្នុងវិបត្តិកូវីដ ដូច្នេះ ធនាគារក៏បានរឹតបណ្តឹងលក្ខខណ្ឌក្នុងការខ្ចី ដែលធ្វើឱ្យចរន្តទីផ្សារមានភាពរអាក់រអួល។
កត្ដាទី ២ អ្នកទិញអចលនទ្រព្យភាគច្រើន ជាពិសេសអ្នកទិញនៅក្នុងបូរីធំៗ គឺមិនសូវទិញដោយប្រើកម្ចីធនាគារប៉ុន្មានទេ ពោលគឺពួកគាត់មានលុយដុំទៅទិញផ្ទះតែម្តង។ ដូច្នេះ ទោះជាកូវីដប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ហើយធ្វើឱ្យគាត់បាត់បង់ចំណូលក្ដី ផ្ទះរបស់គាត់គឺបង់ផ្ដាច់ដោយលុយដុំរួចហើយ ដែលមិនបង្កឱ្យមានបញ្ហាធនាគាររឹបអូសផ្ទះដូចនៅប្រទេសផ្សេងៗទៀតទេ ដែលទិញផ្ទះដោយប្រើកម្ចីធនគារ។
ក្រៅពីអ្នកមានលុយដុលបង់ ចំពោះអ្នកបង់រំលស់ផ្ទះ ឬ អចលនទ្រព្យប្រភេទផ្សេងៗជាច្រើនគឺបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ មានភាគតិចប៉ុណ្ណោះ ដែលសុំកម្ចីធនគារទិញផ្ទះ។ ដូច្នេះក្នុងពេលដែលសេដ្ឋកិច្ចមានបញ្ហា មនុស្សគ្មានលទ្ធភាពបង់ ការចរចាសុំពន្យារជាមួយម្ចាស់គម្រោង គឺងាយស្រួលជាងចរចាជាមួយធនាគារ ដែលមានប្រព័ន្ធស្មុគស្មាញ។
កត្តាទី ៣ ចំនួនអ្នកឆ្លងជំងឺកូវីដនៅកម្ពុជាគឺនៅមានកម្រិតទាប ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងបានល្អ ដូច្នេះទាំងអ្នកអភិវឌ្ឍ និងអ្នកទិញ គឺនៅមានទំនុកចិត្ត។ លើសពីនេះ អ្នកទិញភាគច្រើនសម្លឹងឃើញថាការទិញអចលនទ្រព្យក្នុងអំឡុងពេលនេះ ជាឱកាសដើម្បីចំណេញនាពេលអនាគត។
ជាសរុបមក កត្តាដែលអ្នកអភិវឌ្ឍមានទុនវិនិយោគខ្ពស់ ការមិនសូវពឹងផ្អែកខ្លាំងលើវិស័យធនាគារ និងការគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដបាលល្អរបស់រដ្ឋាភិបាល គឺមូលហេតុសំខាន់ៗធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ បើប្រៀបធៀបនឹងប្រទេសជិតខាង។
- Video Advertisement -