ហេតុអ្វីប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញមិនសូវជោគជ័យ? ហើយគួរដោះស្រាយយ៉ាងណា?
អ្នកជំនាញ បានណែនាំថាកម្ពុជាគួររៀបចំផែនការប្រព័ន្ធដឹកជញ្ជូនសាធារណៈឡើងវិញ ដោយរៀនសូត្រពីមេរៀនកន្លងមក និងគោលនយោបាយជោគជ័យរបស់ប្រទេសអភិវឌ្ឍន៍ ដើម្បីជំរុញកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ កាត់បន្ថយឧស្ម័នពុល និងបង្កើនសណ្ដាប់ធ្នាប់ក្រុង។
អ្នកស្រាវជ្រាវផ្នែកគោលនយោបាយរៀបចំទីក្រុង នៃវេទិកាអនាគត ឬ Future Forum លោក SES Aronsakda បានលើកឡើងដូច្នេះ ក្នុងអត្ថបទមួយចុះផ្សារក្នុងសារព័ត៌មាន The Southeast Asia Globe កាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅនេះ។ អត្ថបទនេះ បញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ មិនសូវមានប្រសិទ្ធភាពនោះទេ ដោយភាគច្រើនប្រជាជនចូលចិត្តប្រើឡាន ម៉ូតូ និងតុកតុក ដែលសុទ្ធសឹងតែបង្កឱ្យមានផ្សែងពុល និងការកកស្ទះចរាចរណ៍។
ជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាល កន្លងមកក៏បានព្យាយាមបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈជាច្រើន ដូចជាឡានក្រុងដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ រថភ្លើងទៅព្រលានយន្តហោះ និងនាវាដឹកអ្នកដំណើរដែលចាប់ផ្ដើមកាលពីឆ្នាំ ២០១៨ ជាដើម។ ប៉ុន្តែ ប្រព័ន្ធនេះហាក់ដូចជាមិនជោគជ័យ។ រថភ្លើងទៅព្រលានយន្តហោះ ត្រូវបានផ្អាកដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាន ដោយសារផ្លូវរត់ភ្លើង រត់កាត់ផ្លូវថ្នល់។ ខណៈនាវាដឹកអ្នកដំណើរ និងឡានក្រុង ក៏មិនមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវបានផ្អាកស្ទើរទាំងស្រុងដោយសារវិបត្តិកូវីដ។
លោក Aronsakda បានវិភាគថា មូលហេតុចម្បងបំផុត ដែលធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនសាធារណៈ មិនជោគជ័យ គឺភាពមិនប្រទាក់ក្រឡាគ្នា និងការដែលគ្មានប្រព័ន្ធគ្រប់គ្រងតែមួយរួមគ្នា។ ឧទាហរណ៍ ចំណតនាវាដឹកអ្នកដំណើរមិនបានភ្ជាប់ជាមួយនឹងចំណតឡានក្រុងឡើយ ដូច្នេះអ្នកប្រើប្រាស់នាវា ត្រូវតែរកមធ្យបាយធ្វើដំណើរបន្តដោយខ្លួនឯងទៅចំណតឡានក្រុង។ ដូចគ្នានេះ ចំណតឡានក្រុង ក៏មានភ្ជាប់ទៅនឹងស្ថានីយរថភ្លើងដែរ។
លើសពីនេះ ឡានក្រុង ក៏មិនមានចំណតច្រើន ហើយសំខាន់ជាងនេះ ផ្លូវថ្នល់មិនមានគន្លងពិសេសសម្រាប់ឡានក្រុងនោះទេ ដែលធ្វើឱ្យឡានក្រុងស្ទះចរចរណ៍ និងយឺតយាវ។ កត្តាទាំងនេះ ធ្វើឱ្យប្រជាជន ជ្រើសរើសប្រើប្រាស់ម៉ូតូ ឡាន ឬតុកតុកវិញ ដើម្បីភាពងាយស្រួល។
ដោយសង្កេតឃើញពីបញ្ហា រដ្ឋាភិបាលក៏មានផែនការចង់បង្កើតរថភ្លើងលើអាកាស និងក្រោមដី ប៉ុន្តែនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
ជុំវិញបញ្ហានេះ លោក Aronsakda បានណែនាំ ៣ ចំណុចធំៗ ដើម្បីឱ្យកម្ពុជាពិចារណា ប្រើប្រាស់ ដើម្បីធ្វើផែនការអនាគតឱ្យជោគជ័យ។
ទី១ រៀនសូត្រពីបរទេស ដូចជាប្រទេសហូឡង់ជាដើម ដែលកាលពីមុនក៏ជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ។ គោលនយោបាយដែលគេប្រើគឺ ការដាក់កំហិតឱ្យប្រើប្រាស់ផ្លូវឱ្យត្រូវតាមប្រភេទរថយន្ត។
ឧទាហរណ៍ មហាវិថីព្រះនរោត្តម និងព្រះមុនីវង្ស គឺសាកសម្យសម្រាប់រថភ្លើងលើអាកាស និងរថយន្តក្រុង។ ផ្លូវព្រះត្រសក់ផ្អែម និងផ្លូវប៉ាស្ទ័រ ដែលមានទំហំល្មម គួរប្រើសម្រាប់បណ្តាញរថយន្តឯកជន។ ផ្លូវព្រះយុគន្ធរ សម្រាប់ម៉ូតូ ខណៈផ្លូវព្រះសីសុវត្ថិតាមដងទន្លេគឺសម្រាប់កង់ និងអ្នកថ្មើរជើងជាដើម។ ការធ្វើបែបនេះ នឹងជួយបង្កើតសណ្ដាប់ធ្នាប់ និងការកក់ស្ទះ។
ទី២ បង្កើនបណ្ដាញប្រព័ន្ធដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទ ឱ្យប្រទាក់ក្រឡាជាងមុន។ ដូចជា ត្រូវមានចំណតឡានក្រុងច្រើនជាងមុន ភ្ជាប់ទៅចំណតនាវាឱ្យច្រើនកន្លែង និងតភ្ជាប់ជាមួយស្ថានីយរថភ្លើងអាកាស នាពេលអនាគតផងដែរ។
ដើម្បីធ្វើដូច្នេះបាន រដ្ឋត្រូវរចនាឡើងវិញនូវប្លង់មេផ្លូវរត់នៃឡានក្រុង ឬចាត់ចែងប្រព័ន្ធផ្លូវថ្មី ដើម្បីប្រព័ន្ធដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទតភ្ជាប់គ្នា។ យ៉ាងណាមិញ គោលនយោបាយនេះអាចត្រូវការពេលវេលា ប៉ុន្តែជាមួយនឹងផែនការជាច្រើនរបស់ក្រសួងសាធារណការ គឺអាចនឹងឃើញលទ្ធផលឆាប់ៗ។
ទី៣ ក្រោយពីមាន២ ចំណុចខាងលើហើយ ការបង់ប្រាក់គួរតែត្រូវធ្វើឡើងក្នុងប្រព័ន្ធតែមួយ ដើម្បីបង្កភាពងាយស្រួល។
ជារួម អត្ថបទនេះត្រឹមតែជាអត្ថបទវិភាគពីអ្នកស្រាវជាងប៉ុណ្ណោះ ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញនឹងប្រសើរ ឬមិនប្រសើរឡើង គឺអាស្រ័យទៅលើផែនការ និងកញ្ចប់ថវិកាដែលរដ្ឋាភិបាលមាន។

