អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។
ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។

ក្រោមចំណងជើងថា៖ «ការប៉ាន់ប្រមាណវាយតម្លៃអំពីទឹកស្អាត និងអនាម័យក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់» របាយការណ៍នេះ បានរកឃើញថា ស្ថានភាពទឹកស្អាត និងអនាម័យនៅតាមការដ្ឋានសំណង់នៅតែមិនទាន់ឈានដល់កម្រិតស្តង់ដាអនាម័យអប្បរមា ឬមិនឆ្លើយតបនឹងតម្រូវការរបស់កម្មករ និងសាច់ញាតិពួកគាត់ដែលរស់នៅតាមការដ្ឋាននៅឡើយ។

របាយការណ៍នេះ បានស្ទង់មតិ និងត្រួតពិនិត្យនៅតាមការដ្ឋានចំនួន១៧ ការដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់កម្មករក្នុងការដ្ឋានទាំងអស់នេះ គឺសុទ្ធតែមិនត្រូវតាមស្តង់ដា។
របាយការណ៍បានសរសេរថា៖ «កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ មានលក្ខខណ្ឌទឹកស្អាត និងអនាម័យមិនល្អ ហើយមិនត្រូវនឹងស្តង់ដា ឬស្របតាមការកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា និងប្រកាសឡើយ។ បរិក្ខាអនាម័យ មិនគ្រប់គ្រាន់ គ្មានការថែទាំ និងសាងសង់គ្មានគុណភាពល្អ គ្មានគន្លឹះចាក់សោរទ្វារ ថែមទាំងមានប្រហោងលើជញ្ជាំង»។

តួលេខរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់កើនឡើងជាង ៥៧ ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃ ឆ្នាំ ២០១៩ ដែលមានទុនវិនិយោគប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។

ការងារចំនួនជាង ៦៩ ០០០ ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃក្នុងវិស័យសំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩។ ដោយឡែក រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ មានការងារជាង ១៤០០០ ។

- Video Advertisement -