អាជ្ញាធរខេត្តកំពតគ្រោងរៀបចំឆ្នេរកម្សាន្ត២ទៀត ខណៈទើបទទួលបានពានជាក្រុងទេសចរណ៍ស្អាតនៅអាស៊ាន
រដ្ឋបាលខេត្តកំពត គ្រោងនឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ខណៈទើបតែទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ទីរព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។
ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំឆ្នេរទាំង០២ទីតាំងនេះ ដោយក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមបណ្តោយមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។
បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងកែលម្អពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។
ឯកឧត្តមអភិបាល បានបញ្ជាក់បន្ថែមថា នៅពេលគម្រោងកែលម្អបញ្ចប់ ក្រុងកំពតនឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសមជាក្រុងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលរដ្ឋបាលខេត្តបានធ្វើពិធីដង្ហែកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។
គួរបញ្ជាក់ថា កម្ពុជាទទួលបានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City)ចំនួន៣ ក្នុងនោះទី១ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទី២ ក្រុងកែប (ខេត្តកែប) និងទី៣ ក្រុងកំពត (ខេត្តកំពត)។




- Video Advertisement -