អាជ្ញាធរខេត្តរតនគិរីនឹងបញ្ចូលតំបន់ចំនួន ៩ ជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត
រូបភាព៖ បឹងលំកុដ
លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងកាលពីថ្មីៗនេះថា ក្រោយពីចប់កូវីដ ១៩ អាជ្ញាធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានដែលមានស្រាប់ចំនួន៥ កន្លែង និងរមណីយដ្ឋានបង្កើតថ្មី ៤ កន្លែងទៀត ទៅជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត។
បើយោងតាមវិទ្យុជាតិកម្ពុជា រមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន ៥ កន្លែងនោះរួមមាន រតនៈរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង។
ដោយឡែក រមណីយដ្ឋានដែលនឹងត្រូវបង្កើតថ្មីចំនួន ៤ កន្លែងទៀត រួមមាន ទឹកជ្រោះអូចាយ និង តំបន់វប្បធម៌ជនជាតិដើមភាគតិចតាមដងទន្លេសេសាន ដែលស្ថិតក្នុងស្រុកអណ្តូងមាស ក៏ដូចជា តំបប់យក្សអូមយក្សការ៉ា និង បឹងយក្សម៉ាយ ដែលស្ថិតក្នុងស្រុកលំផាត់។
បច្ចុប្បន្នខេត្តរតនគិរី មានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម បឹងលំកុដ ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់កាទៀង និងទឹកធ្លាក់អូរស៊ិនលែរ៍ជាដើម។
គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរច្រើនជាង ៥មឺុននាក់ ដែលក្នុងនោះរមណីយដ្ឋាន ដែលពេញនិយមជាងគេរួមមាន រមណីយដ្ឋានបឹងយក្សឡោម រមណីយដ្ឋានទឹកធ្លាក់អូរស៊ិនលែរ៍ និងរមណីយដ្ឋានបឹងលំកុដ ផងដែរ។

