អាជ្ញាធរសៀមរាបកំពុងពន្លឿនដំណើរការរៀបចំកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ

រដ្ឋបាលខេត្តសៀមរាប កំពុងពន្លឿនរៀបចំ និងជួសជុលកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ ដើម្បីត្រៀមបម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាកំពង់ផែចុងឃ្នៀសជាកំពង់ផែសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប។

ហេតុនេះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលនឹងចូលមកដើមឆ្នាំ ២០២២ នេះ ឯកឧត្តម បានជំរុញអង្គភាពពាក់ព័ន្ធឱ្យពន្លឿនការងាររៀបចំកំពង់ផែនេះឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលត្រូវបានរដ្ឋាភិបាលដកហូតទីតាំងវិនិយោគពីក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម)

ដូច្នេះ កំពង់ផែគឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តជាបណ្តោះអាសន្ន តាំងពីចុងខែសីហាកន្លងមក។

- Video Advertisement -