អ្នកជំនាញថា វិស័យ២ នឹងមានសន្ទុះខ្លាំង ក្នុងឆ្នាំ ២០២២ ទោះទីផ្សារនៅមានភាពច្បាស់លាស់

លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យឧស្សាហកម្ម នឹងដឹកជញ្ជូន នឹងមានសក្ដានុពលខ្ពស់ក្នុងឆ្នាំ ២០២២ នេះ បើធៀបនឹងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ទោះអនាគតទីផ្សារជារួមនៅមានភាពមិនច្បាស់លាស់ក្ដី។

លោកបន្តថា ដោយសារកត្តាមេរោគបំប្លែងថ្មី និងកត្តាក្រៅស្រុកផ្សេងៗទៀត ទោះកម្ពុជាបើកប្រទេសហើយក្ដី ក៏មិនធានាថាវិនិយោគិនបរទេស និងត្រឡប់មិនវិញភ្លាមៗដែរ ដូច្នេះ គ្រប់យ៉ាងគឺនៅស្រពិចស្រពិល។

«ប៉ុន្តែអ្វីដែលជាក់ច្បាស់គឺ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ កត្តានេះនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យឧស្សាហកម្ម និងការដឹងជញ្ជូន ឱ្យមានសន្ទុះខ្លាំង ក្នុងឆ្នាំថ្មីនេះ» លោកបញ្ជាក់។

ជាក់ស្ដែង ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd ថ្មីៗនេះ ទើបឈានជើងចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣ ខាងមុខ។(អានបន្ថែម)

លើសពីនេះ រោងចក្រឧស្សាហកម្ម នៅតែបន្ដមានសកម្មភាព។ ក្នុងរយៈពេល១១ខែឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ដែលមានទុនវិនិយោគ១ ៧១៦លានដុល្លារ។ (អានបន្ថែម)

ក្រៅពីវិស័យ ២ នេះ អនុវិស័យផ្សេងទៀតនៃទីផ្សារអចលនទ្រព្យ ដូចជាខុនដូ ការិយាល័យ និងអាផាតមិន នៅតែរងសម្ពាធ ដោយត្រូវរង់ចាំការត្រឡប់មកវិញនៃវិនិយោគក្រៅប្រទេស។ ប៉ុន្តែទីផ្សារបូរី ពិសេសបូរីតម្លៃមធ្យម និងទាប គឺនៅមានភាពរឹងមាំ។

- Video Advertisement -