អ្នកជំនាញបង្ហើបពីរបៀបរកស៊ីក្នុងទីផ្សារអចលនទ្រព្យជោគជ័យរយៈពេលយូរ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជើងចាស់ ៣ រូប បានឱ្យដឹងថា ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យជោគជ័យបានរយៈពេលវែង គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវផ្ដោតលើចំណុច ២ ធំៗ គឺអប់រំបណ្ដុះបណ្ដាលភ្នាក់ងារលក់របស់ខ្លួន និងអប់រំអតិថិជន។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរកស៊ីក្នុងវិស័យអចលនទ្រព្យអាចជោគជ័យបាន លុះត្រាតែរាល់ការទិញលក់ មាន ៣ សប្បាយ ពោលគឺ អ្នកទិញសប្បាយ អ្នកលក់សប្បាយ ហើយភ្នាក់ងារលក់ក៏សប្បាយ។
លោក លឹម សុជាតិ បានមានប្រសាសន៍ថា៖ «ដូច្នេះ យើងត្រូវបណ្ដុះបណ្ដាលទាំង ២ភាគី អប់រំតែភាគីណាមួយមិនបានទេ។ បញ្ហាដែលសង្កេតឃើញនាពេលបច្ចុប្បន្នគឺ អ្នកវិនិយោគខ្លាចអ្នកគួកជេ ឬភ្នាក់ងារលក់។ គេមានអារម្មណ៍ថា យើងទៅកោរគេ មិនមែនទៅជួយឱ្យគេចំណេញទេ»។
«ភ្នាក់ងារលក់ជាច្រើននៅកម្ពុជា អាចនិយាយបានថាខ្វះចំណេះដឹង ចង់តែពីលក់។ អ្នកវិនិយោគសួរពីឱកាស សួរពីសក្ដានុពល សួរពីរឿងផ្លូវច្បាប់ រឿងហិរញ្ញវត្ថុ រឿងអ្វីក៏មិនដឹងទាំងអស់។ ដូច្នេះចំណុចនេះ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងស្ដង់ដាលើចំណុចទាំងអស់នេះ បើចង់ជោគជ័យ» លោកបានបន្ត។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានបន្តថាសមាគម CVEA កំពុងគិតគូរយ៉ាងសកម្ម ធ្វើយ៉ាងណាអប់រំភ្នាក់ងារអចលនទ្រព្យក្នុងសមាគមរបស់ខ្លួនឱ្យមានស្ដង់ដាជាងមុន។
យ៉ាងណាក្ដី ក្រៅពីអប់រំភ្នាក់ងារ លោកប្រធានសមាគមបានឱ្យដឹងថា យើងក៏ត្រូវចេះធ្វើឱ្យអតិថិជនចេះសម្លឹងមើលវែងឆ្ងាយផងដែរ។
«នេះជារឿងបន្តគ្នា ក្រោយពីភ្នាក់ងារលក់យើង មានចំណេះដឹងខ្ពស់ ពួកគាត់មិនត្រឹមតែជាអ្នកលក់ទេ តែនៅក្លាយជាទីប្រឹក្សាផ្ដល់យោបល់ផ្នែកវិនិយោគដល់អតិថិជន។ ពួកគាត់នឹងជួយបើកទស្សនវិស័យរបស់អតិថិជន ឱ្យសម្លឹងឃើញឱកាសច្រើនផ្លូវ និងវែងឆ្ងាយជាងមុន»។
«ជាចុងក្រោយ នៅពេលអតិថិជនមានចំណេះដឹងខ្ពស់និងយល់ពីទីផ្សារ យល់ពីនិន្នាការ យើងក៏ស្រួលលក់ដែរ។ សកម្មភាពការវិនិយោគក៏មានសន្ទុះជាងមុន ការទិញលក់នឹងប្រសើរជាងមុន ពោលគឺមានតែចំណេញ និងចំណេញ។ ដូចលើកឡើងខាងលើ ភ្នាក់ងារលក់ត្រូវធ្វើឱ្យគេទុកចិត្ត ផ្ដល់ប្រយោជន៍ឱ្យគេ ទើបគេផ្ដល់ប្រយោជន៍ឱ្យយើងវិញដែរ ដូច្នេះទីផ្សារគឺទៅបានវែងឆ្ងាយ»។
ដូចគ្នានេះដែរ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ក៏បានគាំទ្រលើគំនិតនេះ ដោយបានឱ្យដឹង កាអប់រំទាំងភ្នាក់ងារ និងអតិថិជន គឺបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ ដើម្បីលើកមុខមាត់កម្ពុជា ព្រោះពេលនេះអ្នកវិនិយោគភាគច្រើនមិនសូវមានទំនុកចិត្តលើភ្នាក់ងារនោះទេ។
- Video Advertisement -