អ្នកជំនាញប្រមូលផ្តុំគ្នាពិភាក្សាអំពីវិស័យវាយតម្លៃអចលនទ្រព្យនិងធនាគារ
អ្នកជំនាញផ្នែកអចលនទ្រព្យព្រមទាំងតំណាងធនាគារនានានៅកម្ពុជាបានជួបពិភាក្សាគ្នាស្តីអំពីសេវាកម្មវាយតម្លៃអចលនវត្ថុ និងតួនាទីរបស់ធនាគារក្នុងការជួយអភិវឌ្ឍវិស័យអចលនទ្រព្យ។
កាលពីល្ងាចថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodia បានរៀបចំកម្មវិធី «Supplier & Clients’s Day» នៅឯសណ្ឋាគារ Himawari Hotel ដើម្បីចែករំលែកព័ត៌មានរវាងគ្នានឹងគ្នាក៏ដូចជាប្រកាសសេវាកម្មថ្មីនិងការពង្រីកទីផ្សាររបស់ខ្លួន។
ថ្លែងក្នុងពិធីជួបជុំខាងលើនេះ លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Vtrust បានធ្វើការពន្យល់អំពីសារៈសំខាន់នៃសេវាកម្មវាយតម្លៃអចលនវត្ថុចំពោះការរីកចំរើនរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «សេវាកម្មវាយតម្លៃគឺជាផ្នែកមួយសំខាន់នៅក្នុងវិស័យអចលទ្រព្យ ហើយជាពិសេស បើយើងធ្វើការជាមួយខាងធនាគារ ដែលជាដៃគូសំខាន់បានល្អ ខ្ញុំគិតថាវានឹងជួយភ្នាក់ងារអចលនទ្រព្យ»។
«ព័ត៌មានទទួលបានកាន់តែច្រើន គឺដើម្បីឲ្យយើងវាយតម្លៃបានកាន់តែល្អ ធនាគារក៏ឲ្យខ្ចីលុយស្រួលដែរ ហើយបើខ្ចីលុយអត់ចេះខូច គាត់ [ធនាគារ] ឲ្យខ្ចីកាន់តែច្រើនទៅច្រើនទៅ» លោក គុយ វ៉ាត បានបន្ថែម ។
ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានគាំទ្រមតិខាងលើផងដែរ។
លោកបានមានប្រសាសន៍ថា៖ «ជាទូទៅនៅក្នុងតម្លៃនៃសេដ្ឋកិច្ច ការជឿជាក់ពីសាធារណជនទៅលើប្រពន័្ធធនាគារ និងជាមួយអ្នកដែលប្រើប្រាស់ គឺទាមទារអ្នកកណ្តាលមួយ គឺក្រុមហ៊ុនវាយតម្លៃនេះឯង»។
លោកស្រី ក្រេស រាជនី នាយកគ្រប់គ្រងនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Cambodia ក៏បានលើកអំពីសារៈសំខាន់នៃសេវាកម្មវាយតម្លៃអលចនទ្រព្យផងដែរ។
«បន្តសេវាកម្មព្រោះសេវាកម្មគឺជាចំណុចគោលនៃអាជីវកម្មរបស់បង[ធនាគារ]ផ្ទាល់ មិនមែនគ្រាន់តែជាប្រាក់កម្ចីទេ ប៉ុន្តែសេវាកម្មគឺសំខាន់ក្នុងការផ្តល់សេវាកម្មនេះ ហើយដែលធ្វើឲ្យអតិថិជនប្រើប្រាស់ចុងក្រោយមានការជឿជាក់ទុកចិត្តទៅលើសេវាកម្មរបស់បងៗ [ធនាគារ] ទាំងអស់គ្នា»។
«No conflict of interest [មិនមានការខ្វេងគំនិត] គាត់ [Vtrust] គឺផ្តោតតែទៅលើការវាយតម្លៃសុទ្ធ អញ្ជឹងអត់អាចលំអៀងបានទេ ពីព្រោះគាត់អត់ធ្វើជាភ្នាក់ងារ។ ពីព្រោះក្រុមហ៊ុនខ្លះគាត់ធ្វើជាភ្នាក់ងារផងគាត់វាយតម្លៃផង» លោកស្រី ក្រេស រាជនី បានសង្កត់យ៉ាងដូចនេះ។
ក្រៅពីពិភាក្សាទៅលើប្រធានបទខាងលើ ក្រុមហ៊ុន Vtrust ក៏បានបង្ហាញអំពីផែនការពង្រីកសាខា ២៥ ខេត្តក្រុង និងការគ្រោងចេញដាក់ឲ្យប្រើប្រាស់សេវាកម្មវាយតម្លៃបែបឌីជីថលឬ Online Valuationដែលទាំងនេះនឹងជួយលើកកម្ពស់សេវាកម្មអចលនទ្រព្យ។

- Video Advertisement -