អ្នកជំនាញ៖ បច្ចុប្បន្នតម្លៃដីធ្លីនៅអរិយក្សត្រប្រៀបដូចជាកំឈួលភ្លើង!
អ្នកជំនាញអចលនទ្រព្យ មើលឃើញថា ការប្រកាសពីគម្រោងសាងសង់ស្ពានមិត្តភាពភ្នំពេញ-អរិយក្សត្រ បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នេះហក់ឡើង ប្រៀបដូចជាកំឈួលភ្លើងប៉ុណ្ណោះ តែមិនទាន់មានស្ថិរភាពតម្លៃពិតប្រាកដនោះទេ ត្រូវចាំមើលពេលស្ពានចាប់ផ្តើមបុកគ្រឹះសិន ទើបតម្លៃដីធ្លីងើបឡើងក្នុងកម្រិតដ៏ល្អមួយ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ចាក់ប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យនៅថ្ងៃទី១៩ ខែមករានេះថា តម្លៃដីធ្លីគឺពឹងផ្អែកខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ យ៉ាងណាមិញនៅចន្លោះឆ្នាំ២០២៤-២០២៥ តទៅ ការអភិវឌ្ឍទីក្រុងអាចនឹងចាប់ផ្តើមរីកលូតលាស់ខ្លាំង ទៅកាន់ប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ជាពិសេសទៅកាន់តំបន់អរិយក្សត្រ ក្រោយពេលស្ពានមិត្តភាពកម្ពុជា-កូរ៉េចាប់ផ្តើមបើកការដ្ឋានសាងសង់។
«ព្រោះបើតាមបទពិសោធន៍កន្លងមក កាលពីមុនឆ្នាំ២០១២ទីក្រុងរបស់យើងបានរីកទៅខាងពោធិ៍ចិនតុង, ២០១២-២០១៧ ក៏ចាប់ផ្តើមរីកទៅខាងខណ្ឌសែនសុខ តបន់AeonII, ២០១៨-២០២៣នេះ ចាប់ផ្តើមរីកទៅភាគខាងត្បូងតំបន់AeonIII ដូច្នេះ២០២៤-២០២៥ខាងមុខ អាចនឹងចាប់ផ្តើមរីកទៅភាគខាងកើតវិញម្តង ជាពិសេសនៅពេលស្ពានអរិយក្សត្រចាប់ផ្តើមបុកគ្រឹះ » លោកបន្ត។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រចាប់ផ្តើមហក់ឡើងដូចកំឈួលភ្លើង ដែលជាហេតុធ្វើឱ្យចន្តរទិញលក់ក៏ចាប់ផ្តើមមានខ្លះៗដែរ ប៉ុន្តែកំណើននៃតម្លៃដីធ្លីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ទាល់តែចាំមើលពេលបុកគ្រឹះសិនទើបអាចដឹងពីកំណើននៃតម្លៃដីពិតប្រាកដ ។
ស្រដៀងគ្នានេះដែរ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្របានកើនឡើងមួយកម្រិតស្រាប់ទៅហើយ ដោយសារកន្លងមក ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគបានដឹងថា អរិយក្សត្រនឹងក្លាយជាទីក្រុងមួយ ហើយពួកគាត់ក៏បានស្វែងរកការវិនិយោគច្រើនរួចមកហើយដែរ។
លោកឧកញ៉ាបន្តថា នៅពេលមានការប្រកាសបង្កើតក្រុង និងប្រកាសពីគម្រោងស្ពាន មិនបានធ្វើឱ្យមានការប្រែប្រួលតម្លៃដីធ្លី នៅក្នុងតំបន់ខាងលើច្រើនណាស់ណានោះទេ ប៉ុន្តែនៅពេលស្ពានចាប់ផ្តើមបុកគ្រឹះ តម្លៃដីធ្លីនឹងមានការកើនឡើងបន្ថែមទៀត។
លោកឧកញ៉ាគូសបញ្ជាក់ថា «តំបន់អរិយក្សត្រនឹងចាប់ផ្តើមឡើងថ្លៃនៅពេលស្ពានចាប់ផ្តើមបុកគ្រឹះ នោះតម្លៃដីនៅតំបន់អរិយក្សត្រចាប់ផ្តើមឡើងទៀត ប៉ុន្តែនៅពេលនេះនៅមិនទាន់ឡើងទេ ទោះបីជាប្រកាសកាត់ជាក្រុងអរិយក្សត្រយ៉ាងណាក្តី តម្លៃគឺនៅដដែល ការទិញលក់ក៏នៅដដែល»។
បើទោះបីជាប្រឈមនឹងវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចសកលក្តី លោក សន សៀប យល់ថា ការវិនិយោគអចលនទ្រព្យដីធ្លីនៅក្នុងតំបន់អរិយក្សត្រនៅតែមានឱកាស អាស្រ័យលើភាពបត់បែន និងការស្វែងរកឱកាសនៃអ្នកវិនិយោគ៕
- Video Advertisement -