អ្នកទិញដែលជាអ្នកមានកម្ពុជាវិនិយោគនៅក្នុងអចលនទ្រព្យអូស្ត្រាលី
ប្រទេសអូស្ត្រាលី ជាគោលដៅនៃជម្រើសសម្រាប់វិនិយោគិនអចលនទ្រព្យដែលស្វែងរកការវិនិយោគនៅបរទេសជាយូរមកហើយ។ របៀបរស់នៅ ភាសា សេវាថែទាំសុខភាព និងឱកាសការអប់រំ បានពង្រឹងស្ថានភាពប្រទេសឲ្យស្ថិតនៅជាគោលដៅលំដាប់ថ្នាក់ពិភពលោកសម្រាប់វិនិយោគិន។ ប្រទេសនេះត្រូវបានគេមើលឃើញថាជាឋានសួគ៌សុវត្ថិភាពដោយមានរចនាសម្ព័ន្ធដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ និងរឹងមាំ ការការពារទ្រព្យសម្បត្តិ និងសង្គមពហុវប្បធម៌។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានលើកឡើងថា “អ្នកទិញកម្ពុជាកំពុងទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលី ដើម្បីឲ្យកូនរបស់គេស្នាក់នៅក្នុងពេលសិក្សានៅទីនោះ ឬក៏ធ្វើអាជីវកម្ម”។
សម្រាប់វិនិយោគិនបរទេស ភាពខ្សោយនៃប្រាក់ដុល្លារអូស្ត្រាលីនៅពីរឆ្នាំចុងក្រោយនេះ កំពុងបង្កើនតម្រូវការក្នុងទីផ្សារលំនៅដ្ឋានដែលទាញយកប្រយោជន៍ពីការបញ្ចុះតម្លៃដែលផ្ដល់ដោយរូបិយប័ណ្ណខ្សោយនេះ។ នេះគឺជាការពិត ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលអ្វីគ្រប់យ៉ាងត្រូវបានទូទាត់ជាដុល្លារអាមេរិក។ លោក ងួន ឆាយលាង មកពីក្រុមហ៊ុន Ratanaka Realty បានពន្យល់ថា “មានប្រជាជនកម្ពុជាទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងសិង្ហបុរី។ អ្នកទិញទាំងនោះគឺជាក្រុមអ្នកមានដែលទិញអចលនទ្រព្យសម្រាប់កូនរបស់ពួកគេរស់នៅក្រៅប្រទេស ឬក៏គ្រាន់តែសម្រាប់ការវិនិយោគនៅក្រៅប្រទេសកម្ពុជា”។
មិនមានពេលវេលាណាដែលល្អប្រសើរសម្រាប់អ្នកទិញក្នុងការឆ្ពោះទៅមុខលើការសម្រេចចិត្តទិញអចលនទ្រព្យ ជាងពេលដែលលុយដុល្លារអូស្ត្រាលីស្ថិតនៅកម្រិតទាបខ្លាំងនោះទេ។ លុយដុល្លារអូស្ត្រាលីបានធ្លាក់ថ្លៃប្រមាណ ២០ ភាគរយធៀបនឹងលុយដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះផលប្រយោជន៍ពីការទិញគឺពិតជាមានខ្ពស់ ដូចដែលអ្នកមាននៅអាស៊ីអាគ្នេយ៍ ដែលបានពិចារណាទិញអចលនទ្រព្យនៅក្នុងទីក្រុងស៊ីដនី និងមែលប៊ន កាលពីពីរបីឆ្នាំមុន ឥឡូវនេះធ្វើការសម្រេចចិត្តទិញ។ តំបន់ជាយក្រុងដែលមានតម្រូវការខ្ពស់ជាច្រើននៅក្នុងទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន បន្ដបង្ហាញកំណើនរយៈពេលវែងយ៉ាងរឹងមាំក្នុងរយៈពេលជាច្រើនឆ្នាំ។ ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដែលនេះជាផ្នែកមួយនៃហេតុផលដែលតម្លៃមានការកើនឡើង។ ទោះជាយ៉ាងណា ទីក្រុងស៊ីដនីបានក្លាយជាទីក្រុងមានតម្លៃថ្លៃពេកសម្រាប់វិនិយោគិនជាច្រើន។ ទីផ្សារមួយផ្សេងទៀតដែលគួរសម្លឹងមើលក្រៅពីទីក្រុងស៊ីដនី និងមែលប៊ន នោះគឺទីក្រុង Brisbane ដែលជាទីផ្សារមានកើនឡើង ហើយអចលនទ្រព្យមានការលក់យ៉ាងឆាប់រហ័ស។
ក្រៅពីប្រជាជនខ្មែរដែលទៅកាន់ប្រទេសអូស្ត្រាលីក្នុងអំឡុងពាក់កណ្តាល និងចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ភាគច្រើននៃអ្នកទិញជនជាតិខ្មែរនៅទីក្រុងស៊ីដនី និងមែលប៊ន គឺជាឪពុកម្តាយដែលមានកូនសិក្សានៅក្នុងប្រទេសអូស្ត្រាលី។ ដោយសារតែប្រទេសអូស្ត្រាលីមានភាពល្បីល្បាញសម្រាប់ការផ្តល់ជូនការអប់រំលំដាប់ថ្នាក់ពិភពលោក ដូចនេះហើយមាននិស្សិតអន្តរជាតិជាច្រើនទៅសិក្សានៅទីនោះ។ នាពេលបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាចំនួនជិត ២.០០០នាក់ ដែលចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យអូស្ត្រាលី។ ជាមួយនឹងការបន្តកើនឡើងនៃចំនួននេះ មិនយូរមិនឆាប់វានឹងក្លាយជាកត្តាសំខាន់ជម្រុញតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលី ហើយនេះនឹងនាំឲ្យមានលំហូរនៃអ្នកទិញថ្មីៗទៅក្នុងទីផ្សារនេះជារៀងរាល់ឆ្នាំ។
ទោះបីជាអ្នកទិញទាំងនេះជាឪពុកម្តាយដែលទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់របស់កូនពួកគេលក្ខខណ្ឌតម្រូវអចលនទ្រព្យមិនមែនត្រូវបំពេញតាមដោយកូនរបស់ពួកគេនោះទេ។ សម្រាប់ឪពុកម្តាយ ពួកគេក៏ចង់បាន និងត្រូវការអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលីដែលពួកគេអាចចំណាយពេលនៅទីនោះដូចជាផ្ទះទីពីរ ឬផ្ទះសម្រាកលំហែថ្ងៃឈប់សម្រាកផងដែរ។ ការមានកម្មសិទ្ធិលើផ្ទះផ្ទាល់ខ្លួនអាចមើលទៅដូចជាគំនិតដ៏ល្អមួយ ជាពិសេសនៅពេលដែលពួកគេសម្រាកវិស្សមកាលនៅប្រទេសអូស្ត្រាលី។ ប៉ុន្តែមុនពេលដែលពួកគេទិញ វាជាការសំខាន់ដែលត្រូវមើលតថភាពជាក់ស្តែងនៃការកាន់កាប់ផ្ទះនៅបរទេស ប្រសិនបើពួកគេចង់ប្រើវាជាទ្រព្យវិនិយោគ។
សម្រាប់វិនិយោគិននានា លក្ខខណ្ឌតម្រូវសំខាន់សម្រាប់អ្នកទិញភាគច្រើនរួមមាន ទីតាំងស្ថិតនៅជិត ស្ថានីយឆ្លងកាត់ធំៗ ឬនៅក្នុងសង្កាត់ល្អ ដែលមានកន្លែងផ្តល់សេវាកម្មច្រើនដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារទំនើប និងហាង។ អចលនទ្រព្យនៅតាមបណ្តោយស្ថានីយឆ្លងកាត់ធំៗ មិនត្រឹមតែផ្តល់ប្រយោជន៍ពាក់ព័ន្ធនឹងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកំណើនមូលធនផងដែរ ហើយសម្រាប់អ្នកដែលចូលចិត្តរស់នៅក្នុងតំបន់ជាយក្រុង ពួកគេក៏ចង់បានចំណតយានយន្តផងដែរ។
ការវិនិយោគសម្រាប់កំណើនមូលធនមានន័យថា អ្នកវិនិយោគគួរមើលលើតំបន់ជាយក្រុងដែលមានកំណើនសម្រាប់ជាជម្រើស។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកំណើនតម្លៃផ្ទះបានកើនឡើងយ៉ាងឆាប់រហ័សរួមផ្សំនឹងកំណើនការផ្គត់ផ្គង់លំនៅដ្ឋាន ផលពីការជួលសរុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងទីក្រុងស៊ីដនី និងមែលប៊ន។ បច្ចុប្បន្នផលពីការជួលសរុបសម្រាប់ផ្ទះនៅក្នុងទីក្រុងស៊ីដនី មានត្រឹម ២,៨ ភាគរយ និង ៣,៨ ភាគរយក្នុងមួយយូនីត ។ នៅទីក្រុងមែលប៊ន ផលពីការជួលផ្ទះគឺ ២,៧ ភាគរយ និង ៤ ភាគរយ ក្នុងមួយយូនីត។ ដោយគិតគូរពីការវិនិយោគមានផលពីការជួល វិនិយោគិននឹងមិនចំណាយលុយច្រើនលើអចលនទ្រព្យដែលមិនផ្តល់ផលត្រឡប់មកវិញច្រើនពេកនោះទេ។
ជាទូទៅ ចំណូលចិត្តរបស់អ្នកទិញ គឺទិញការអភិវឌ្ឍន៍ថ្មី។ ការទិញអចលនទ្រព្យថ្មី គឺមិនសូវលំបាកក្នុងការកែលម្អថ្មី និងងាយស្រួលថែទាំ។ គម្រោងថ្មីៗជាច្រើនត្រូវបានគេដាក់លក់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ ជាពិសេសអចលនទ្រព្យពីទីក្រុងមែលប៊ន។ ឧទាហរណ៍ “Avant” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥៤-៦៤ A’Beckett ជិតសាកលវិទ្យាល័យ RMIT។ ជម្រើសនៃការអភិវឌ្ឍថ្មីបានកើនឡើងជាងប៉ុន្មានឆ្នាំកន្លងទៅក្នុងតំបន់ផ្សេងៗគ្នាជិតទីប្រជុំជនទីក្រុងស៊ីដនី និងមែលប៊ន។
អាផាតមិនកម្ពស់ខ្ពស់គឺស្ថិតក្នុងតម្រូវការជាពិសេសពីនិស្សិតអន្ដរជាតិ ប៉ុន្តែត្រូវឆ្លើយតបនឹងសេចក្តីត្រូវការជាមុនរបស់អ្នកទិញ។ ទីតាំងរបស់វាត្រូវស្ថិតនៅចម្ងាយដែលគេត្រូវដើរតែ ២ ទៅ ៥ នាទីពីស្ថានីយ និងមានចម្ងាយខ្លីពីភោជនីយដ្ឋានឈានមុខគេ ហាងលក់រាយប្រណីតទាន់សម័យ សាកលវិទ្យាល័យកំពូលៗ និងរោងភាពយន្ត។ ចំណុចមួយដែលសំខាន់ជាងគេ គឺអគារអាផាតមិននេះគួរផ្តល់នូវការរួមបញ្ចូលគ្នានៃការរចនាម៉ូដ និងលក្ខណៈពិសេសប្លែកគេ។ សម្រាប់ឪពុកម្តាយដែលទិញអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី អចលនទ្រព្យនោះត្រូវបម្រើឲ្យគោលបំណងនៃការផ្តល់នូវកន្លែងស្នាក់នៅសម្រាប់កូនពួកគេក្នុងអំឡុងពេលសិក្សា ប៉ុន្តែក៏ត្រូវឆ្លើយតបនឹងតម្រូវការនៃរបៀបរស់នៅផងដែរ។ វាជាការល្អក្នុងការទិញនៅក្នុងតំបន់ដែលពេញនិយមក្នុងចំណោមអ្នកជួលសម្រាប់ច្រើនឆ្នាំខាងមុខ។
មិនមានពេលវេលាណាដែលល្អប្រសើរសម្រាប់អ្នកទិញក្នុងការឆ្ពោះទៅមុខលើការសម្រេចចិត្តទិញអចលនទ្រព្យ ជាងពេលដែលលុយដុល្លារអូស្ត្រាលីស្ថិតនៅកម្រិតទាបខ្លាំងនោះទេ។ វិនិយោគិនគួរតែពិចារណាលើគ្រប់ជម្រើសទាំងអស់ មិនមែនគិតតែលើតម្លៃថោកនោះទេ ហើយក៏មិនត្រូវទិញដោយអារម្មណ៍សុទ្ធសាធដែរ។ ដោយមិនគិតពីថវិកា វាជាការសំខាន់ក្នុងការជ្រើសរើសទីតាំងដែលនឹងផ្តល់ជូននូវការវិនិយោគរយៈពេលវែង។ ដោយសារតែទីតាំងគឺជារឿងពេញនិយម វាមិនមានន័យថាវានឹងចាំបាច់ត្រូវផ្តល់ផលមកវិញល្អបំផុតចំពោះការវិនិយោគនោះទេ។
ក្នុងនាមជាវិនិយោគិន ការទិញដោយឆ្លាតវៃមានន័យថាជាការទិញដែលទទួលបានកំណើនមូលធនល្អប្រសើរជាងមុន និងកំណើនខ្ពស់នៃផលពីការជួល។

