អ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ

ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។

សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។

ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។

ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)

- Video Advertisement -