អ្នកអភិរក្ស៖ គម្រោងអភិវឌ្ឍចម្រុះទីក្រុងបូកគោ អាចគំរាមកំហែងដល់បរិស្ថាននៃឧទ្យានជាតិ
អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើយោងតាមសារព័ត៌មានបរទេស Mongabay កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។
ផែនការ“ ទីក្រុងបូកគោ” នេះ ត្រូវបានអនុម័តដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តាំងពីខែ មិថុនា ឆ្នាំ ២០១៩ មកម្លេះ ហើយនឹងត្រូវបន្តអភិវឌ្ឍដល់ឆ្នាំ ២០៣៥។ បើយោងផែនការមេ គម្រោងនឹងត្រូវអភិវឌ្ឍជាតំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មសាធារណៈ តំបន់លំហបៃតង តំបន់វប្បធម៍ និងសាសនា ជាដើម។ (អានបន្ថែម)
លើសពីនេះ បើយោងតាមអត្ថបទរបស់ Mongabay ដីមួយផ្នែកធំនៃគម្រោងទាំងមូល ពោលគឺប្រមាណ ២០.០០០ ហិកតា ត្រូវបានផ្តល់ជាងដីសម្បទានដល់ក្រុមហ៊ុនឯកជន [Sokha Real Estate] ក្នុងការអភិវឌ្ឍ។
ប្រភពដដែលបានបន្ថែមថា ដីសម្បទានដែលត្រូវបានអនុម័តនេះ ភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះ គម្រោងអភិវឌ្ឍន៍នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីនៃឧទ្យានជាតិ។
Mongabay ក៏បានរាយការណ៍ផងដែរថា ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ ទិន្នន័យរបស់សាកលវិទ្យាល័យម៉ារីលែន (UMD) បានបង្ហាញថាឧទ្យានជាតិបូកគោ បានបាត់បង់ជិត ៩% នៃគម្របព្រៃឈើ ហើយតួរលេខនេះត្រូវបានព្យាករថានឹងបន្តកើនឡើងទៀតនៅឆ្នាំ ២០២០ និង ២០២១ ។
ជាការឆ្លើយតបនឹងការព្រួយបារម្ភនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានប្រាប់សារព័ត៌មាន Mongabay ថា៖ «រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ដូច្នេះហើយ ក្នុនផែនការ ក្រសួងក៏បានត្រៀមបង្កើតនូវតំបន់អភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃផងដែរ។
លោកបានបន្ថែមថា៖ «គម្រោងទីក្រុងបូកគោនេះ ធ្វើឡើញដោយគិតគូរយ៉ាងហ្មត់ចត់នូវធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ពោលគឺដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ និងតម្រូវការប្រើប្រាស់ដីធ្លីឱ្យមាននិរន្តរភាព»។
គួរបញ្ជាក់ផងដែរថា យោងតាមផែនការមេ ទីក្រុងបូកគោ មានផ្ទៃក្រឡាប្រមាណ ២៧ ៩៤៣ ហិកតា ឬស្មើនឹង ១៨% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទាំងមូល ដែលមានទំហំសរុប ១៥៤ ៥៤២ ហិកតា។
- Video Advertisement -