អ្នកឧកញ៉ា ពុង ឃាវសែ៖ យុវជនដែលចង់មានអនាគតភ្លឺស្វាង គួររៀនជំនាញមួយនេះ

ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានជំរុញឱ្យយុវជនខ្មែរងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានច្រើនជាងមុន ព្រោះកម្ពុជាកំពុងខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។

អ្នកឧកញ៉ា បន្តថា សម្រាប់យុវជនដែលចង់រៀនផ្នែកបច្ចេកទេស មិនថាបច្ចេកទេសសំណង់ វិស្វកម្ម ឬបច្ចេកវិទ្យា ឱ្យតែបច្ចេកទេស ធនាគារកាណាឌីយ៉ា នឹងជួយផ្តល់ជាឥណទានការប្រាក់ទាប ឬមិនយកការប្រាក់តែម្ដងសម្រាប់សិស្សពូកែ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងដូច្នេះ ក្នុងឱកាសធ្វើជាវាគ្មិនក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១»កាលពីពេលថ្មីៗនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាផង ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជាផងនោះ បានបង្ហាញក្តីបារម្ភថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។

«ហេតុនេះ ធ្វើឱ្យកម្ពុជាខ្វះខាតអ្នកបច្ចេកទេសជាច្រើន ហើយមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជាបាន» អ្នកឧកញ៉ាបន្ដ។

«ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះ បើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។

អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់បន្ថែមថា សម្រាប់តែសិស្សណា ដែលចង់រៀនខាងជំនាញបច្ចេកទេស ធនាគារកាណាឌីយ៉ានឹងផ្តល់ជាឥណទាន ៧០% ដោយការប្រាក់ទាបបំផុត ហើយបើសិនជាសិស្សរៀនពូកែទៀត ការប្រាក់នឹងអាចដល់ ០%។

ទាក់ទិននឹងជំនាញបច្ចេកទេសនេះដែរ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រៅពីជំនាញបច្ចេកទេស យុវជនក៏ត្រូវតែចេះជំនាញបច្ចេកវិទ្យាឌីជីថលថែមទៀត ស្របនឹងបរិវត្តន៍ឧស្សាហកម្ម ៤.០ ដែលជួយជំរុញសេដ្ឋកិច្ចជាតិ។

- Video Advertisement -