អ.ព.ដ៖ ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវទៅបង់ពន្ធមុនថ្ងៃ៣០ ខែកញ្ញា
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។
ដោយមើលឃើញពីភាពអសកម្មនៅក្នុងការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនេះឡើង ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីជៀសវាងឱ្យបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់នោះទេ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងការផាកពិនិ័យនេះ យោងតាមមាត្រា១៣២ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ បានចែងថា « ចំពោះបុគ្គលណាដែលមិនបានបង់ពន្ធតាមកាលកំណត់ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា១០ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់…» ។
ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណី បុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយ ពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ ក្នុងករណីនេះ ច្បាប់តម្រូវឱ្យបុគ្គលនោះ បង់ពន្ធបន្ថែម ២៥% បូកនឹងករប្រាក់ ២% បន្ថែមទៀត នៃទឹកប្រាក់បង់ពន្ធយឺត។
ដោយឡែកចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធនេះ អនុវត្តលើដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែរ តែត្រូវបានបោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយ”គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់”។
ចំពោះចំនួនពន្ធដែលត្រូវបង់ គឺត្រូវបានកំណត់លើអត្រា ២% ដែលមូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡា កំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ដែលបានចែងក្នុងមាត្រា ៣០ច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១៧ និងប្រកាសលេខ៤៥២ ស្តីពីការកែប្រែការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់។
កម្មសិទ្ធិករ អ្នកជាប់ពន្ធនេះ អាចដាក់លិខិតប្រកាស និងបង់ពន្ធចាប់ពីថ្ងៃទី១ ខែមករា យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ ជូនទៅផ្នែកពន្ធដារ នៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ៕
- Video Advertisement -