ឯកជនគ្រោងវិនិយោគបង្កើតផែទូកអេកូទេសចរណ៍ថ្មីមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ បានបើកភ្លើងខៀវគាំទ្រឱ្យឯកជនវិនិយោគលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅស្រុកព្រៃនប់ ទិសដៅដើម្បីពង្រីកសក្ដានុពលទេសចរណ៍ខេត្តឱ្យកាន់តែខ្លាំងក្លា។
បើតាមកិច្ចពិនិត្យទីតាំងផ្ទាល់របស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែនេះ នឹងត្រូវសាងសង់លក្ខណៈជាផែទូកតូចៗ ក្នុងគោលបំណងដើម្បីរក្សានូវសោភ័ណភាព និងអេកូឡូស៊ីក្នុងតំបន់។
ទីតាំងផែនេះ គឺស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ដែលជាដីត្រូវបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចរាល់ ដោយមានការកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ។
ឯកឧត្តម គួច ចំរើន ក៏បានស្នើដល់ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុតផងដែរ។
ឯកឧត្តមបន្ដថា កំពង់ផែនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ សហគមន៍នេសាទមូលដ្ឋាន ការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះ។

