ឯកអគ្គរដ្ឋទូតកូរ៉េ៖ រដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើសំណើកសាងស្ពានជ្រោយចង្វា-ស្វាយជ្រុំ
រដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ (អរិយក្សត្រ) ក្នុងគោលបំណងដើម្បីក្លាយជាស្ពាននិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ២០២០នេះ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េ កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់ លើគម្រោងកសាងស្ពានមិត្តភាពនៅកម្ពុជា ខណៈកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចមកហើយ។
លោក Park ត្រូវបានស្រង់សម្តីនៅក្នុងកាសែតរស្មីកម្ពុជា ចុះផ្សាយកាលពី ថ្ងៃទី១ កក្កដានេះថា៖ “ឥឡូវនេះ រដ្ឋាភិបាលកូរ៉េ កំពុងតែត្រូតពិនិត្យ លើគម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វា-ស្វាយជ្រុំ ហើយប្រសិនបើ គម្រោងនេះ អនុម័តនោះ វាគឺជាគម្រោងស្ពានខ្សែកាប្លិ៍ លើកដំបូងបង្អស់ ដែលត្រូវសាងសង់នៅកម្ពុជា និងជានិម្មិតរូបថ្មីមួយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ”។
ទាក់ទិននឹងប្រធានបទនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តិ៍សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២ កក្កដានេះថា គឺមិនទាន់មានគម្រោងចុះសិក្សារួមគ្នារវាងក្រសួង និងភាគីកូរ៉េលើគម្រោងស្ពាននេះនៅឡើយទេ។
ឯកឧត្តម បានឲ្យដឹងថា៖ “មកទល់ពេលនេះ ខាងក្រសួងទុកឲ្យភាគីកូរ៉េ ដើម្បីពិនិត្យលទ្ធភាពថវិកាសាងសង់”។
យ៉ាងណាក៏ដោយ ឯកឧត្តម វ៉ាស៊ីម សូរិយា មានសុទិដ្ឋិនិយមចំពោះគម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំនេះ ដែលនឹងមិនត្រឹមតែជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ តែថែមទាំងជាការតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងនៅភាគខាងកើតរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម បានបន្តថា៖ “ជាទូទៅ ការសាងសង់ផ្លូវ ស្ពាន មានសារៈសំខាន់ណាស់ ជាពិសេសនៅភ្នំពេញដែលមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាប៉ូលសេដ្ឋកិច្ច ជាពិសេសមានគោលដៅពង្រីកភូមិសាស្រ្តរាជធានីភ្នំពេញឆ្ពោះទៅទិសខាងកើត ហើយភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងថែមទៀតផង ដូច្នោះទាល់តែមានស្ពាន ទើបយើងអាចភ្ជាប់បាន”។
គួរបញ្ជាក់ផងដែរថា ការសុំថវិកាជំនួយពីកូរ៉េក្នុងសាងសង់ស្ពាននេះ ស្នើដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ កាលពីខែកុម្ភៈ កន្លងទៅនេះ។ សម្តេច ក៏បានឲ្យដឹងថានឹងដាក់គម្រោងសាងសង់ស្ពាននេះ ជាគម្រោងអាទិភាពក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ (អានបន្ថែម)
លើសពីនេះ បើយោងតាម សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពាននេះសាងសង់រួច។ (អានបន្ថែម)
- Video Advertisement -