ឯកឧត្តមស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពការស្ថាបនាផ្លូវ និងស្ពាន ១០ គម្រោងធំៗ នៅកម្ពុជា
ទោះមានវិបត្តិកូវីដក្ដី ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងយ៉ាងមុតមាំថា រាល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ដំណើរការទៅដោយរលូន ហើយគ្មានការផ្អាកគម្រោងណាមួយនោះទេ។
ឯកឧត្តម បានមានប្រសាសន៍ដូច្នេះក្នុង ឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់កាលពីថ្ងៃទី ៤ កុម្ភៈ កន្លងមកនេះ ព្រមជាមួយការសរុបត្រួសៗនូវគម្រោងសំខាន់ៗជាច្រើនដូចជា៖
១) ការដ្ឋានផ្លូវជាតិលេខ ៣
ការដ្ឋានសម្រេចបានជាង ៩០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា នេះ។ ពីភ្នំពេញ-បែកគូសមានប្រវែង ៧០គ.ម ដែលបច្ចុប្បន្នកំពុងបើកពង្រីកពី ២គន្លង ទៅ៤គន្លង ដោយឡែក ពីបែកគូស ទៅ កំពត មានប្រវែង ៧២គ.ម ដែលនឹងត្រូវពង្រីកទទឹងជា ១២ ម៉ែត្រ។ (អានបន្ថែម)

២) ផ្លូវលេខ២ និងលេខ២២
ផ្លូវពីភ្នំពេញទៅតាកែវ កំពុងត្រូវពង្រឹងគុណភាពពីកៅស៊ូប្រភេទ DBST ទៅ AC ក៏ដូចជាពង្រីកពី២គន្លង ទៅ ៤គន្លង នៅកន្លែងមួយចំនួន។ គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ (អានបន្ថែម)

៣) ផ្លូវជាតិលេខ៤
ផ្លូវជាតិលេខ ៤ នេះ គឺគ្រោងនឹងពង្រីកទទឹងពី ៧ ទៅ១១ម៉ែត្រ ដោយបច្ចុប្បន្នកំពុងដាក់ដេញថ្លៃ នឹងជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់។ ដោយឡែកក្រសួងមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទលម្អិតនៅឡើយទេ។
៤) ផ្លូវជាតិលេខ ៥
ផ្លូវជាតិលេខ៥ កំពុងពង្រីកពី២គន្លង ទៅ៤គន្លង ហើយមាន ៣ កំណាត់ ព្រែកក្ដាម-ធ្លាម្អម ធ្លាម្អម-បាត់ដំបង និងរហូតបាត់ដំបង-សិរីសោភ័ណ។ គម្រោងនេះសម្រេចបានប្រមាណពាក់កណ្ដាលហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ គម្រោងនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

៥) ផ្លូវជាតិលេខ៧ ពីក្រចេះទៅស្ទឹងត្រែង
គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ កំពុងត្រៀមរកថវិកាពីសាធារណៈរដ្ឋចិន ដើម្បីលើកគុណភាពផ្លូវពី កៅស៊ូប្រភេទ DBST ទៅ AC។ ផ្លូវនេះ គឺមានប្រវែងប្រមាណ ៩៦ គីឡូម៉ែតចាប់ពីចំណុចរមៀតដល់ព្រំប្រទល់ឡាវ។ (អានបន្ថែម)

៦) ផ្លូវជាតិលេខ៨
រដ្ឋាភិបាលបច្ចុប្បន្នកំពុងស្វែងរកថវិកាក្នុងការជួសជុល និងពង្រីកផ្លូវជាតិនេះ ពី២គន្លង ទៅ ៤គន្លង។
៧) ផ្លូវលេខ១០
ផ្លូវជាតិលេខ ១០ ពីសំឡូតខេត្តបាត់ដំបង ទៅកោះកុង កំពុងសាងសង់។ ផ្លូវនេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៤៣% ហើយ ដោយគ្រោងបញ្ចប់ឆ្នាំ ២០២៣ ខាងមុខ។ (អានបន្ថែម)

៨)- ស្ពានស្ទឹងត្រង់-ក្រូចឆ្មា និងផ្លូវជាតិលេខ ៧១សេ
ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មា នឹងបញ្ចប់ការសាងសង់ទាំងស្រុងជាស្ថាពរ នៅខែ មីនា ខាងមុខនេះ ខណៈរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មា នេះ ក្នុងខែជាមួយគ្នាផងដែរ។ (អានបន្ថែម និងបន្ថែម)
៩)- ផ្លូវជាតិលេខ ៤១, ៣១, និង៣៣
រដ្ឋាភិបាលបានចរចាចប់សព្វគ្រប់ហើយ ដោយបច្ចុប្បន្នកំពុងត្រៀមចុះហត្ថលេខាលើប្រាក់កម្ចី រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសាធារណៈរដ្ឋចិន ដើម្បីយកមកកសាងផ្លូវទាំងនេះ។ (អានបន្ថែម)
១០) ផ្លូវកំពត-វាលរេញ និងផ្លូវលេខ៧ ត្បូងឃ្មុំ
ការកសាងផ្លូវកំពត-វាលរេញ នឹងផ្លូវលេខ៧ ត្បូងឃ្មុំ ដែលតែងតែមានបញ្ហាជួសជុលមុខ ខូចក្រោយ គឺដោយសារថវិកាមិនគ្រប់គ្រាន់ ហើយការជួសជុលទាំងនេះបានត្រឹមតែប៉ះប៉ូវបន្តិចបន្តួចប៉ុណ្ណោះ។ ឯកឧត្តមស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា រដ្ឋនឹងព្យយាមស្វែងរកថវិកាដើម្បីដោះស្រាយបញ្ហានេះ។

