១៧គ្រួសារ ដែលរងផលប៉ះពាល់ពីនៃគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ព្រមទទួលយកប្លង់ដីថ្មី

ប្រជាពលរដ្ឋ១៧គ្រួសារ ក្នុងភូមិធ្លកអណ្ដូង ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីនៅស្រុកបន្ទាយស្រី។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា។

មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លីផ្លូវ៣៨ខ្សែ បានបញ្ជាក់ថា មានពលរដ្ឋចំនួន១៧គ្រួសារ នៃ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម។ ពេលនេះ ពួកគេបានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបហើយ ដោយចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនចេញដោយស្ម័គ្រចិត្ត។

ទីតាំងថ្មីនេះ គឺស្ថិតនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។ តំបន់នេះ រដ្ឋបាលខេត្តអះអាងថា នឹងរៀបចំឱ្យមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះ ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បានយល់ព្រមរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ផងដែរ។ (អានបន្ថែម)

អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៣៨ខ្សែ និងអភិវឌ្ឍន៍ខេត្តសៀមរាប។

ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនេះដែរ គិតត្រឹមខែមីនា សម្រេចបានប្រមាណជាង ៣០%ហើយ៕

- Video Advertisement -