៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល
ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]
ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្មបរទេស ខណៈដែលលំហូរចូលវិនិយោគផ្ទាល់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងត្រីមាសទី៣
គិតត្រឹមត្រីមាសទី៣ ពោលគិតចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ទ្រីលានរៀលកើនឡើងជាង៧%។ នេះបើយោងតាមរបាយការណ៍ព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ទ្រីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ទ្រីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។
នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥ នេះដែរ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ចំនួន ៦,៤៧៩ ទ្រីលានរៀល បានកើនឡើង ១,៥៤៦ ទ្រីលានរៀល ស្មើជាង ៣១% ពី ៤,៩៣៤ ទ្រីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា (FDI) បានកើនឡើង ១,០៥៦ ទ្រីលានរៀល ស្មើជាង ១៩% ពី ៥,៤២៣ ទ្រីលានរៀល។
នៅក្នុងរបាយការណ៍ខាងលើ បានបញ្ជាក់ទៀតថា ទ្រព្យសកម្មបរទេសរបស់ ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ទ្រីលានរៀល បានកើនឡើងជាង ១២ ទ្រីលានរៀល ស្មើជាង ៧%។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មបរទេសបានកើនឡើងជាង ២៤ ទ្រីលានរៀល ស្មើ ១៦%។ ចំណែកទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជា មានចំនួន ជាង ៣០៣ ទ្រីលានរៀល បានកើនឡើងជាង ៤ ទ្រីលានរៀល ស្មើជាង ១% ពី ២៩៩ ទ្រីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើងជាង ៨ ទ្រីលានរៀល ស្មើ ៣% ពី ២៩៤ ទ្រីលានរៀល នៅចុងត្រីមាស ដូចគ្នាឆ្នាំមុន៕